FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតអាមេរិក រៀបចំពិព័រណ៍ការសិក្សា នៅសហរដ្ឋអាមេរិក ដើម្បីផ្តល់ឱកាសដល់សិស្ស និស្សិតកម្ពុជា

28-09-2026 16:17

(សៀមរាប)៖ ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិព័រណ៍ការសិក្សា នៅសហរដ្ឋអាមេរិក ដើម្បីផ្តល់ឱកាសដល់សិស្ស និស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សា នៅសហរដ្ឋអាមេរិក ក្រោមវត្តមានរបស់លោកស្រី Katherine M. Diop ទីប្រឹក្សាផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក និងលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប និងលោកបណ្ឌិត ជីវ រដ្ឋា អធិការបតីរងប្រតិបត្តិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ លោកស្រី Katherine M. Diop បានលើកឡើងថា នៅឆ្នាំនេះ សហរដ្ឋអាមេរិកប្រារព្ធខួបលើកទី ២៥០ នៃឯករាជ្យរបស់ខ្លួន។ ក្នុងរយៈពេល ២៥០ ឆ្នាំកន្លងមកនេះ ការច្នៃប្រឌិតរបស់អាមេរិកបានផ្លាស់ប្តូរពិភពលោក។ សមិទ្ធផលទាំងនេះ មិនត្រឹមតែបានផ្លាស់ប្តូរសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូររបៀប ដែលមនុស្សគ្រប់ទីកន្លែងរស់នៅធ្វើការ និងទំនាក់ទំនងគ្នា។

លោកស្រី បានបន្តថា សហរដ្ឋអាមេរិក មានមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ដែលទទួលស្គាល់ជាផ្លូវការជាង ៤,០០០ស្ថាប័ន ដែលផ្តល់ជូនកម្មវិធីសិក្សា បរិយាកាសក្នុងបរិវេណសិក្សា និងឱកាសសម្រាប់ការអភិវឌ្ឍខ្លួនយ៉ាងសម្បូរបែប។ មហាវិទ្យាល័យ និងសាកលវិទ្យាល័យ នៅសហរដ្ឋអាមេរិក ផ្តល់បទពិសោធន៍មួយ ដែលខុសពីកន្លែងដទៃទៀត ដែលជាបរិយាកាសអប់រំមួយ ដែលនិស្សិតត្រូវគិតពិចារណាយ៉ាងស៊ីជម្រៅ ប្រឈមនឹងបញ្ហាដើម្បីអភិវឌ្ឍខ្លួន និងស្វែងយល់ពីចំណាប់អារម្មណ៍ថ្មីៗក្នុងការសិក្សា និងជីវិតផ្ទាល់ខ្លួន។

លោកស្រី បន្តទៀតថា នៅក្នុងថ្នាក់រៀនរបស់អាមេរិក និស្សិតគ្រប់រូបទទួលបានឱកាស ដោយសារការខិតខំប្រឹងប្រែង លទ្ធផលសិក្សាល្អ និងការប្តេជ្ញាចិត្តចំពោះការរៀនសូត្ររបស់ពួកគេ។ ប្រព័ន្ធអប់រំរបស់សហរដ្ឋអាមេរិក ផ្អែកជាចម្បងលើសមត្ថភាព និងស្នាដៃរបស់បុគ្គល។

លោកស្រី បន្ថែមថា ស្ថានទូតសហរដ្ឋអាមេរិក មានធនធានជាច្រើន ដើម្បីជួយដល់និស្សិតកម្ពុជាក្នុងការស្វែងរកឱកាសសិក្សាថ្នាក់ឧត្តមសិក្សា នៅសហរដ្ឋអាមេរិក។ ក្រៅពីអាហារូបករណ៍របស់រដ្ឋាភិបាល សហរដ្ឋអាមេរិក ដូចជា៖ កម្មវិធី Fulbright ស្ថានទូតសហរដ្ឋអាមេរិក ក៏មានបណ្ណាល័យអាមេរិក American Corner នៅ USEA សៀមរាប និងមជ្ឈមណ្ឌលប្រឹក្សាការសិក្សា នៅអាមេរិក EducationUSA នៅ PUC ខេត្តសៀមរាបផងដែរ។

លោកស្រី Katherine M. Diop បញ្ជាក់ថា មជ្ឈមណ្ឌលទាំងនេះ ផ្តល់សិទ្ធិចូលប្រើប្រាស់ព័ត៌មានដោយឥតគិតថ្លៃ អំពីការសិក្សានៅសហរដ្ឋអាមេរិក រួមទាំងព័ត៌មានស្តីពីសារៈសំខាន់នៃការគោរពច្បាប់អន្តោប្រវេសន៍ និងផ្តល់កម្មវិធីនានា ដែលជួយអភិវឌ្ឍជំនាញសិក្សា និងវិជ្ជាជីវៈសំខាន់ៗ។

លោក លី ប៊ុនណា បានលើកឡើងថា នេះព័ត៌មាននៃកាសិក្សាដ៏សំខាន់មួយ ដែលអាចនិយាយបានថា ជាព័ត៌មានជីវិតរបស់យើងនៅក្នុងការសិក្សាស្វែងយល់ អំពីឱកាសនៃការសិក្សាបែបទូសាយ ដែលពិភពលោកនៅកៀកនឹងការសិក្សារបស់យើង។

លោកបន្តថា កន្លងមកព័ត៌មាននៃការសិក្សា នៅសហរដ្ឋអាមេរិក គឺមានភាពចង្អៀតបន្តិច ដែលមិនសូវជាទូលំទូលាយនោះទែ ប៉ុន្តែបច្ចុប្បន្ននេះព័ត៌មាននៃកាសិក្សា គឺត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ។ នេះឱកាសដ៏សំខាន់មួយ សម្រាប់អាណាព្យាបាល និងសិស្សានុសិស្ស ស្វែងយល់ពីលក្ខខណ្ឌ និងកម្មវិធីផ្សេងៗ ព្រមទាំងឧបនិស្ស័យ សមត្ថភាព និងលទ្ធភាពដែលយើងមាន។

លោកក៏បានថ្លែងអំណរគុណដល់ស្ថានទូតអាមេរិក ដែលបានផ្តួចផ្តើមរៀបចំឲ្យមានពិព័រណ៍ការសិក្សា នៅសហរដ្ឋអាមេរិកនេះឡើង ព្រោះនេះព័ត៌មានដ៏សំខាន់សម្រាប់សិស្សានុសិស្ស។ លោកសង្ឃឹមថា ទៅថ្ងៃអនាគតនឹងមានធនធានដែលមានសមត្ថភាពបានទៅបន្តការសិក្សានៅក្រៅប្រទេស និងយកចំណេះដឹងទាំងនោះ មកបម្រើដល់ប្រទេសជាតិ និងចូលរួមចំណែកអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន៕