FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ស៊ូ ភិរិន្ទ អំពាវនាវពលរដ្ឋមណ្ឌលតាកែវ ពិនិត្យបញ្ជីបោះឆ្នោត ដើម្បីធានាសិទ្ធិបោះឆ្នោត

28-09-2026 16:15

(តាកែវ)៖ លោកបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបូរីជលសារ បានអំពាវនាវយ៉ាងទទូចបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ អញ្ជើញទៅពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះឱ្យបានគ្រប់ៗគ្នា នៅតាមសាលាឃុំ ដើម្បីធានាថាឈ្មោះ និងទិន្នន័យផ្ទាល់ខ្លួនមានភាពត្រឹមត្រូវ និងអាចប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួនបានពេញលេញនាពេលខាងមុខ។

គ.ជ.ប​​ អំពាវនាវប្រជាពលរដ្ឋ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា មានរយៈពេល ៥៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងឱកាសដែលលោកបណ្ឌិត ស៊ូ ភិរិន្ទ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី២ នៅវត្តខ្នារកកោះ ស្ថិតក្នុងស្រុកបូរីជលសារ និងវត្តអង្គសិរីម៉ាលី ស្ថិតក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

លោកបានបញ្ជាក់បន្ថែមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ឬកែតម្រូវទិន្នន័យកន្លងមក។ ដូច្នេះ លោកជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមសកម្មភាពនេះឱ្យបានគ្រប់ៗគ្នា ដើម្បីធានាថាពួកគេមានសិទ្ធិបោះឆ្នោតស្របតាមច្បាប់។ ការពិនិត្យនេះអាចធ្វើឡើងនៅតាមទីតាំងសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងមូលដ្ឋានរបស់បងប្អូន។

ឆ្លៀតក្នុងឱកាសនោះ លោកអ្នកតំណាងរាស្ត្រក៏បានលើកឡើងពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែធូរធារ។

រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីរាជការ កម្មករ កម្មការិនី តាមរយៈការតម្លើងប្រាក់បៀវត្សជារៀងរាល់ឆ្នាំ។ ជាក់ស្ដែង នៅពេលដែលវិស័យអាណាចក្រមានការរីកចម្រើន វិស័យពុទ្ធចក្រក៏រីកចម្រើន ទៅតាមនោះដែរ តាមរយៈការចូលរួមធ្វើបុណ្យទានរបស់បងប្អូនប្រជាពលរដ្ឋ។ ការចូលរួមពិនិត្យបញ្ជីបោះឆ្នោត គឺជាកាតព្វកិច្ចដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋក្នុងការរួមចំណែកដល់ដំណើរការប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិ៕