ឧត្តមសេនីយ៍ទោ សែម រតនា និងលោកស្រី នាំយកស្លាដក បច្ច័យបួន និងទេយ្យទាន ប្រគេនព្រះសង្ឃចំនួន១២វត្ត ក្នុងខេត្តសៀមរាប
28-09-2026 16:07
(សៀមរាប)៖ ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោកស្រី ស៊ូ បូផា សែម រតនា តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី ទៀង អេង ទៀ សីហា រួមនិងក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី បាននាំយកនូវបច្ច័យទេយ្យទាន ស្លាដក និងគ្រឿងឧបភោគបរិភោគ មួយចំនួន ប្រគេនជូនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ នៅទីអារាមវត្តទាំង ១២ ក្នុងនោះ ស្រុកបន្ទាយស្រី មាន៦វត្ត រួមមានវត្តភ្នំព្រះទេវៈ វត្តនាគខ្មៅ វត្តប្រសាទនាគគូរ វត្តចំបក់បីដើម វត្តស្រះដូនរីក និងវត្តតាពេន និងក្រុងរុនតាឯកតេជោសែនមានចំនួន ៦វត្ត រួមមាន វត្តរតនារាម (ហៅវត្តតេជោ) វត្តកោះកែវមុន្នីរង្សី (ហៅវត្តស្នាសង្គ្រាម) វត្តប្រាសាទព្រះបាទ ចៅស្រីវិបុលកេរ្តិ៍ (ហៅវត្តត្រាច) វត្តជ័យគិរីមុន្នីរង្សី (ហៅវត្តរុន) វត្តព្រះខ័នសែនជ័យ (ហៅវត្តស្នាតេជោ) និងវត្តចន្ទគិរីភ្នំបូក (ហៅវត្តភ្នំបូក) សិ្ថតក្នុងខេត្តសៀមរាប។
ពិធីកាន់បិណ្ឌនេះ បានប្រារព្ធធ្វើនៅ ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងវត្តតេជោរតនារាម(ហៅវត្តតេជោ) ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន និងវត្តភ្នំព្រះទេវៈ ស្ថិតក្នុងស្រុកបន្ទាយស្រី។
លោក សែម រតនា និងលោកស្រី ស៊ូ បូផា សែម រតនា បានប្រគេននូវទេយ្យទានមួយចំនួនរួមមាន ស្លាដក គ្រឿងឧបភោគបរិភោគ និងបច្ច័យក្នុងមួយវត្ត៥០ម៉ឺនរៀលផងដែរ។
ក្នុងពិធីកាន់បិណ្ឌនេះដែរ លោក សែម រតនា និងលោកស្រី ស៊ូ បូផា សែម រតនា តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា រួមនិងក្រុមការងារ ក៏បានឧទ្ទិសមនុញ្ញផលទាំងអស់នោះ ជូនដល់ដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជាទាំងអស់ ដែលកន្លងមកបានបូជាអាយុជីវិត តតាំងជាមួយសត្រូវឃ្លានពានដើម្បីការពារដែនអធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជា៕















