FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា​​​​ រម្លឹកកងទ័ព​ចេញទៅបំពេញបេសកកម្មក្រៅប្រទេសត្រូវមានសាមគ្គី​ភាព​ និងនាំយកប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ បង្ហាញឱ្យកងទ័ពមិត្តបានដឹងដោយបន្ថែមពីលើវិន័យកងទ័ព (Video inside)

28-09-2026 15:24

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់​ និងសមយុទ្ធកងយោធពលខេមរភូមិន្ទ​ ជាមួយបណ្ដាប្រទេសជាមិត្ត និងការចាត់តាំងសមយុទ្ធក្នុងកងយោធពលខេមរភូមិន្ទ បានរម្លឹកដល់កងទ័ពដែលចេញទៅចូលរួមលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា រវាងកងទ័ពបីប្រទេសកម្ពុជា-ឡាវ-វៀតណាម ត្រូវនាំយកនូវប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ ទៅបង្ហាញដល់កងទ័ពជាមិត្ត ដោយបន្ថែមពីលើវិស័យរបស់កងទ័ព។

ការរម្លឹកបន្ថែមបែបនេះ របស់នាយឧត្តមសេនីយ៍ សៅ សុខា គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ជាតិ ក្រៅពីការបង្ហាញសមត្ថភាពក្នុងវិស័យយោធា និងការងារសង្គ្រោះ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងដែលត្រូវទៅចូលរួមលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា រវាងកងទ័ពបី ប្រទេសកម្ពុជា-ឡាវ-វៀតណាម។ ពិធីនេះបានប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានទ័ពពិសេស កំបូល នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ​ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា គណៈប្រតិភូដែលដឹកនាំកងកម្លាំងចេញទៅចូលរួមលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា រវាងកងទ័ពបីប្រទេសកម្ពុជា-ឡាវ-វៀតណាម ត្រូវតែមានវិន័យ រក្សាការសាមគ្គីភាព និងត្រូវធ្វើការហ្វឹកហាត់​​ទៅតាមក្បួន តាមនិយាម និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ​ ជាពិសេសត្រូវធានឱ្យបាននូវសុវត្ថិភាពជាដើម។

ជាមួយគ្នានេះនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ជោគជ័យក្នុងដំណើរបំពេញបេសកកម្ម គឺទៅគ្រប់ មកវិញគ្រប់ ដូច្នេះ កងកម្លាំងដែលចេញទៅបំពេញបេសកកម្មត្រូវធ្វើយ៉ាងយកនូវចំណេះជំនាញ និងបទពិសោធន៍របស់ខ្លួនដែលបានរៀនសូត្រ ទៅអនុវត្តនៅទីតាំងផ្ទាល់ ព្រមទាំងសិក្សាមេរៀន ក៏ជាបទពិសោធន៍ថ្មីៗដែលបានរៀនសូត្រជាមួយបណ្តាកងកម្លាំងជាមិត្តផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ថា ការសាមគ្គី ឯកភាពផ្ទៃក្នុង គឺចំណុចមួយមិនអាចខ្វះបានជាដាច់ខាត។ ចំពោះការសាមគ្គី និងឯកភាពគ្នា មិនមែននិយាយចេញឱ្យរួចពីមាត់នោះទេ​ ប៉ុន្តែ ត្រូវចេញពីមនសិកា​។​ ត្រូវជឿជាក់លើខ្លួនឯង លើថ្នាក់ដឹកនាំក្រុម និងត្រូវមានផែនការច្បាស់លាស់។​

នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា៖ ​«យើងនេះជាជ័រកាវ ជាស្ពាន បិទភ្ជាប់មិត្តភាព​រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនឡាវ​​ និងកងទ័ពរំដោះប្រជាជនវៀតណាម តាមរយៈសកម្មភាពរបស់យើង ដើម្បីបង្កើតឱ្យបាននូវមិត្តភាព។​ អ៊ឹចឹងសូមពាំនាំនូវទំនៀម ទម្លាប់ប្រពៃណី ដ៏ល្អផូរផង់របស់ជាតិ​ បន្ថែមពីលើវិន័យរបស់កងទ័ព»។

នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា​ ការតភ្ជាប់មិត្តភាព រវាងកងទ័ពកម្ពុជា​ ឡាវ និងវៀតណាម​នេះ យើងត្រូវបន្តផ្សព្វផ្សាយប្រពៃណី វប្បធម៌ ជាពិសេសការជ្រើសរើសបទចម្រៀងដែលផ្សាភ្ជាប់នឹង ចំណងទំនាក់ទំនងរវាងគ្នា និងគ្នា ជាពិសេសការសម្តែងសិល្បៈ ដើម្បីបង្កើតមិត្តភាពយូរអង្វែងរវាងកងទ័ពជិតខាងកម្ពុជា។

គួរឱ្យដឹងថា កងទ័ពកម្ពុជាជិត ៨០រូបនឹងចេញទៅចូលរួមលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពកម្ពុជា-ឡាវ និងវៀតណាម នឹងធ្វើឡើងក្រោមប្រធានបទ «លំហាត់ហ្វឹកហ្វឺនការពារជនស៉ីវិល នៃកងទ័ពបី ប្រទេសវៀតណាម-ឡាវ-កម្ពុជា ២០២៦» ដែលនឹងធ្វើឡើងនៅកងពលតូចវិស្វកម្ម២៤៩ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពប្រជាជនវៀតណាម នៅទីក្រុងហាណូយ។

រយៈពេលនៃការធ្វើលំហាត់ហ្វឹកហ្វឺន នឹងធ្វើឡើងរយៈពេល ១៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ការហ្វឹកហ្វឺនគឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនសមត្ថភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងបី ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្នផ្សេងៗ ដែលអាចកើតមានឡើងក្នុងតំបន់។ តាមរយៈលំហាត់នេះកងកម្លាំងនឹងទទួលបានបទពិសោធន៍ថ្មីៗ និងផ្លាស់ប្តូរចំណេះដឹង បច្ចេកទេស ព្រមទាំងពង្រឹងស្មារតីសាមគ្គីភាព និងមិត្តភាពរវាងគ្នា។ កិច្ចសហប្រតិបត្តិការយោធាត្រីភាគីនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងពង្រឹងចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែរឹងមាំថែមទៀត៕