សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែង នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនចាស់ជរាខ្វះខាត ២គ្រួសារ នៅភូមិណាអូង ឃុំអូរស្វាយ
28-09-2026 15:23
(ស្ទឹងត្រែង)៖ សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនចាស់ជរាមានជីវភាពខ្វះខាតគ្មានទីពឹងចំនួន ២គ្រួសារ ស្ថិតនៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ពិធីប្រគល់អំណោយនេះត្រូវបានដឹកនាំដោយលោក ឆោម សម្បត្តិពេជ្រ ប្រធានប្រតិបត្តិតំណាងលោក វង្ស សុភី ប្រធានកិត្តិយសសាខាខេត្ត និងតំណាងលោក ម៉ៅ ផល្លា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន រួមជាមួយលោក ផេង គឹមស្រ៊ុន និងសមាជិក សមាជិកាថ្នាលយុវជនកម្ពុជាជាច្រើនរូបទៀត ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន។
គ្រួសារទាំងពីរដែលបានទទួលអំណោយរួមមាន៖ លោកយាយ ផែង ឡាំង អាយុ ៧១ឆ្នាំ និងលោកយាយ តាន់ ផាន អាយុ ៧២ឆ្នាំ។ អំណោយដែលបានផ្តល់ជូនស្មើៗគ្នានោះ រួមមាន៖ អង្ករ មីជាតិ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ប៊ីចេង អំបិល សាប៊ូ ទឹកសុទ្ធ ប្រេងខ្យង ទឹកខ្មេះ មីសួរ ប្រហុក ស្ករស ប្រេងឆា និងថវិកាមួយចំនួន។
ក្នុងឱកាសនោះលោក ឆោម សម្បត្តិពេជ្រ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារ និងគ្រួសារដែលបានទទួលអំណោយ។
លោកបានបញ្ជាក់ថា សម្ដេចធិបតី និងលោកជំទាវបណ្ឌិត តែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីថែរក្សាការពារសុខសន្តិភាព និងភាពសុខដុមរមនារបស់យើងទាំងអស់គ្នា។
លោក ហិន សុជាតិ មេភូមិណាអូង តំណាងឲ្យអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះសម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរជួយឧបត្ថម្ភជាសម្ភារៈ និងថវិកាដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅគ្រប់ទីកន្លែង។ កាយវិការមនុស្សធម៌នេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលងាយរងគ្រោះផងដែរ៕























