FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា៖​​​​ កុំមើលឃើញស័ក្តិនៅលើស្មា​ ចង់ពាក់តែត្រូវសួរថា ​ពាក់ស័ក្តិ តើអាចបម្រើប្រជាជន​ និងបំពេញការងារជូនកងទ័ពបាន ឬនៅ?

28-09-2026 15:13

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា តួនាទីកាន់តែធំ ការទទួលខុសត្រូវកាន់តែធំ ហើយកុំមើលឃើញស័ក្តិពាក់នៅលើស្មា​ ចង់ពាក់ស័ក្តិ​ តែមានសំណួរសួរថា តើពាក់ស័ក្តិហ្នឹងអាចធ្វើការបានជូនប្រជាជនហើយ ឬនៅ? ពាក់ស័ក្តិហ្នឹង តើអាចបំពេញការងារជូនកងទ័ពបាន ឬនៅ?

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់​ និងសមយុទ្ធកងយោធពលខេមរភូមិន្ទ​ ជាមួយបណ្ដាប្រទេសជាមិត្ត និងការចាត់តាំងសមយុទ្ធក្នុងកងយោធពលខេមរភូមិន្ទ ផងនោះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសជួបសំណេះសំណាលជាមួយកងកម្លាំងដែលត្រូវទៅចូលរួមលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា រវាងកងទ័ពបី ប្រទេសកម្ពុជា-ឡាវ-វៀតណាម។ ពិធីនេះបានប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានទ័ពពិសេស កំបូល រាជធានីភ្នំពេញ។

ត្រង់ចំណុចនេះ​ ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ​«​រឿងពាក់ស័ក្តិជារឿងងាយនោះទេ បើយើងពាក់ដោយគ្មានការទទួលខុសត្រូវ ប៉ុន្តែបើមានការទទួលខុសត្រូវពាក់ស័ក្តិ​ គឺមិនមែនជារឿងងាយស្រួលនោះទេ។ ខណៈក៏មានកងទ័ពមួយចំនួនមិនចង់ពាក់ស័ក្តិលើស្មាផង»។​

នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា​ ព្រះមហាក្សត្រ ជាព្រះតំណាងកំពូលឱ្យអំណាចដឹកនាំរបស់ជាតិ ដូច្នេះប្រជារាស្ត្រទូទាំងប្រទេស​ ត្រូវតែគោរពរដ្ឋធម្មនុញ្ញ ដោយមានការបែងចែកតាមឋានានុក្រម។ ចំពោះការ ផ្តល់តួនាទី ឋានៈដល់មន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ន សូមកុំគិតថាទាំងនេះ គឺជាកាដូ​ឬសំណាងទេវតា ទម្លាក់មកឱ្យសោះ។ សូមកុំភ្លេចថា​ នេះជាការផ្តល់ជំនឿទុកចិត្តពីប្រជាជន ដែលជាម្ចាស់អំណាចតាមរយៈការបោះឆ្នោត​ជូនគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដើម្បីដឹកនាំរដ្ឋាភិបាល។

ជាមួយគ្នានេះនាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា តាមរយៈលទ្ធផលនៃការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ ដើម្បីបង្កើតរដ្ឋាភិបាល និងតាក់តែងច្បាប់គ្រប់គ្រងប្រទេស។​ ចំពោះច្បាប់ដែលតាក់តែងឡើង គឺផ្តល់ផលប្រយោជន៍ និងបម្រើប្រជាជនគ្រប់រូប ដូច្នេះហើយក្នុងនាមយើងជាមន្ត្រីរាជការ ជាកងកម្លាំងជាអ្នកអនុវត្តច្បាប់ ដូចនេះយើងខ្ញុំបម្រើរបស់ប្រជាជន ត្រង់ចំណុចនេះបើមានតួនាទីកាន់តែធំ ការទទួលខុសត្រូវ និងអំរែកកាន់តែធ្ងន់។

នាយឧត្តមសេនីយ៍ សៅ សុខា បានរម្លឹកដល់កងកម្លាំង ដែលមានឋានៈ តួនាទី ជាអ្នកដឹកនាំត្រូវតែមានទំនួលខុសត្រូវខ្ពស់ចំពោះយោធិនក្រោមឱវាទ ជាពិសេសត្រូវមានមនសិកាខ្ពស់ និងបំពេញតួនាទីរបស់ខ្លួន ឱ្យស័ក្តិសមនឹងអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន ដោយមានភាពម្ចាស់ការ ព្រមទាំងស្តាប់នូវបញ្ហា សំណូមពរយោធិនក្រោមឱវាទ និងឆ្លងយោបល់​ ឬស្តាប់ការណែនាំបន្ថែមពីថ្នាក់លើ៕