FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការរៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ជាមូលដ្ឋានសំខាន់សម្រាប់ឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

28-09-2026 15:04

(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង បានថ្លែងលើកឡើងថា «ការរៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល គឺជាមូលដ្ឋានសំខាន់សម្រាប់ឆ្លើយ តបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន»។

ការថ្លែងលើកឡើងរបស់លោក អ៊ុក គឹមសាន ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំសិក្ខាសាលាសាមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ ស្រុក និងឃុំ នៅសាលប្រជុំសាលាស្រុករវៀង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។

លោក អ៊ុក គឹមសាន ថ្លែងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងធ្វើសមាហរណកម្មសំណើគម្រោងអភិវឌ្ឍន៍របស់ស្រុក និងឃុំ ឱ្យមានភាពស្របគ្នា ស្របតាមតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន និងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

លោកបានថ្លែងគូសបញ្ជាក់ថា កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល រយះពេលប៉ុន្មានខាងមុខនេះ គឺត្រូវធ្វើឱ្យមានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងការ ចាកចេញពីប្រទេសក្រីក្រ នៅក្នុងឆ្នាំ២០៣០ តាមរយះគោលនយោបាយបច្ចកោណដំណាក់កាល់ទី៥ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាវៃ ត្រឹមត្រូវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូច្នេះរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ត្រូវរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានភាពច្បាស់លាស់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបានថ្លែងលើកឡើងទៀតថា «ការរៀបចំកម្មវិធីវិនិយោគ មិនមែនគ្រាន់តែជាការរៀបចំបញ្ជីគម្រោងប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្អែកលើតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងកំណត់អាទិភាពឱ្យបានច្បាស់ ដើម្បីធានាថាគម្រោងដែលស្នើឡើងអាចឆ្លើយតបនឹងបញ្ហាប្រឈម និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ»។

លោក អ៊ុក គឹមសាន បានថ្លែងណែនាំឱ្យអាជ្ញាធរស្រុក និងឃុំ យកចិត្តទុកដាក់លើការពិនិត្យ និងសម្របសម្រួលគម្រោងឱ្យបានល្អ ជៀសវាងការស្ទួនគម្រោង ព្រមទាំងត្រូវផ្តោតលើគម្រោងដែលមានផលប្រយោជន៍ជាក់ស្តែង និងអាចអនុវត្តបានតាមលទ្ធភាពធនធាន។

លោកបានបន្ថែមថា «យើងត្រូវរួមគ្នាកំណត់អាទិភាពគម្រោងឱ្យបានត្រឹមត្រូវ ដោយផ្តោតលើវិស័យដែលជាតម្រូវការចាំបាច់របស់មូលដ្ឋាន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធទឹក កសិកម្ម សុខាភិបាល អប់រំ និងវិស័យពាក់ព័ន្ធផ្សេងៗ ដើម្បីឱ្យការវិនិយោគមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ»។

លោកបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមផ្តល់មតិយោបល់ និងពិនិត្យសំណើគម្រោងដោយផ្អែកលើស្ថានភាពជាក់ស្តែង ដើម្បីឱ្យកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ស្រុករវៀង សម្រាប់ឆ្នាំ២០២៧-២០២៩ មានភាពគ្រប់ជ្រុងជ្រោយ អាចអនុវត្តបាន និងជួយជំរុញការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕