FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងថ្នាក់ដឹកនាំខេត្តកែប អញ្ជើញកាន់បិណ្ឌវេនទី២ នៅវត្តចរិយាវង្ស និងបណ្ដាវត្តមួយចំនួន នៅខេត្តកែប

28-09-2026 15:01

(កែប)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ដែលប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ ១រោច ដល់ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ប្រជាពលរដ្ឋនៅទូទាំងខេត្តកែប បាននិងកំពុងអញ្ជើញចូលរួមធ្វើបុណ្យតាមបណ្តាវត្តនានា ដើម្បីប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃ ព្រមទាំងឧទ្ទិសកុសល ជូនដល់បុព្វការីជន និងញាតិការទាំងឡាយ ដែលបានចែកឋានទៅ។

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹង ថ្ងៃកាន់បិណ្ឌទី២ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានអញ្ជើញចូលរួមកាន់បិណ្ឌ និងប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់នៅ វត្តចរិយាវង្ស និងបណ្ដាវត្តទូទាំងខេត្តកែប។

ពិធីនេះមានការអញ្ជើញចូលរួម ពីលោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត​ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ​ អមអមដំណើរលោកឧបនាយករដ្ឋមន្ត្រី​ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប​ និងបងប្អូនប្រជាពលរដ្ឋ​ ពុទ្ធ​បរិស័ទ​ យ៉ាង​ច្រើន​កុះករ​។

ការចូលរួមកាន់បិណ្ឌ និងប្រគេនចង្ហាន់ ទេយ្យទានផ្សេងៗ នៅតាមបណ្តាវត្តនានា គឺជាការរួមចំណែកថែរក្សា និងលើកតម្កើងប្រពៃណី វប្បធម៌ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងជាឱកាសឱ្យពុទ្ធបរិស័ទ បានធ្វើបុណ្យ សន្សំកុសល និងឧទ្ទិសកុសល ជូនដល់បុព្វការីជន និងញាតិការ ដែលបានចែកឋានទៅ៕