FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តព្រះវិហារ រៀបចំទិវាសម្អាតពិភពលោកលើកទី៩ នៅភូមិត្មាតប៉ើយ ផ្សារភ្ជាប់ការគាំពារបរិស្ថាន អេកូទេសចរណ៍ និងជីវភាពសហគមន៍

28-09-2026 14:57

(ព្រះវិហារ)៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុកជាំក្សាន្ត រដ្ឋបាលឃុំព្រីងធំ និងអង្គការ WCS ប្រចាំខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំប្រារព្ធ «ទិវាសម្អាតពិភពលោកលើកទី៩ ឆ្នាំ២០២៦» នៅសាលាឆទានភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ក្រោមប្រធានបទ «ប្រជាជន ៥% នៃប្រទេសនីមួយៗ ចូលរួមសម្អាតជាមួយគ្នា»។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត និងលោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ដោយមានការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងនគរបាល ប្រជាការពារ និងប្រជាសហគមន៍ ជាច្រើន អង្គ នាក់។

ថ្លែងក្នុងឱកាសនោះ លោក មឿន សុភេទ បានលើកឡើងថា ការរៀបចំទិវាសម្អាតពិភពលោកនេះ ស្របតាម «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» របស់ក្រសួងបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្ត្រ «ស្អាត បៃតង និងចីរភាព»។

លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់ថា ភូមិត្មាតប៉ើយស្ថិតនៅជាប់សហគមន៍តំបន់ការពារធម្មជាតិ ត្មាតប៉ើយ-ធឿនក្រសាំង ដែលជាតំបន់សំខាន់សម្រាប់ការអភិរក្សសត្វស្លាបកម្រ និងជិតផុតពូជ ជាពិសេសសត្វត្រយ៉ងយក្ស និងត្រយ៉ងចង្កំកស ដែលជាសត្វនិមិត្តរូបជាតិ។

តំបន់ធម្មជាតិដ៏សម្បូរបែបនេះ ក៏បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាសត្វព្រៃ និងស្នាក់នៅក្នុងសហគមន៍ជាបន្តបន្ទាប់។ ដូច្នេះ ការរក្សាបរិស្ថានឱ្យស្អាត មានអនាម័យ និងមានភាពបៃតង គឺជាកត្តាសំខាន់សម្រាប់ទាំងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍវិស័យអេកូទេសចរណ៍។

ដោយឡែកលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យចូលរួមថែរក្សាអនាម័យ និងបរិស្ថានជាប្រចាំ ដោយចាប់ផ្តើមពីការសម្អាតនៅតាមលំនៅដ្ឋាន រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ទីប្រជុំជន និងវត្តអារាម។

លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងលើកឡើងថា៖ ការរួមគ្នារក្សាអនាម័យបរិស្ថាន មិនត្រឹមតែជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតបរិយាកាសស្អាត និងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តនៅតំបន់នេះផងដែរ។

ជាក់ស្តែង ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍអេកូទេសចរណ៍នៅសហគមន៍តំបន់ការពារធម្មជាតិ ត្មាតប៉ើយ-ធឿនក្រសាំង ក៏បានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍មូលដ្ឋានផងដែរ។តាមទិន្នន័យរបស់សហគមន៍ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុប ១០៣នាក់ ក្នុងនោះស្ត្រី ៣១នាក់ ដោយទទួលបានចំណូលសរុបចំនួន ១៨,៦៦៣.៩៩ដុល្លារ និងបានបែងចែកថវិកាចំនួន ៥,៩៦០ដុល្លារ សម្រាប់ការអភិវឌ្ឍភូមិ។

ចំណូលពីអេកូទេសចរណ៍បានក្លាយជាប្រភពចំណូលមួយសម្រាប់ប្រជាសហគមន៍ និងជួយលើកទឹកចិត្តឱ្យមានការចូលរួមការពារព្រៃឈើ និងសត្វព្រៃ ខណៈថវិកាសម្រាប់ការអភិវឌ្ឍភូមិ ត្រូវបានប្រើប្រាស់សម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

លោកបញ្ជាក់ទៀតថា៖ការប្រារព្ធទិវាសម្អាតពិភពលោកនៅភូមិត្មាតប៉ើយ មិនត្រឹមតែជាសកម្មភាពសម្អាតបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាការបំផុសស្មារតីឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាធនធានធម្មជាតិ អភិរក្សសត្វព្រៃ និងរួមគ្នាបង្កើតបរិស្ថានស្អាត ដើម្បីគាំទ្រការអភិវឌ្ឍអេកូទេសចរណ៍ និងជីវភាពសហគមន៍ប្រកបដោយចីរភាព៕