FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ

28-09-2026 14:50

(ព្រះសីហនុ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនង សាធារណៈដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន បានចូលរួមពិធីផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ផែនការ និងចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀន ដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃរដ្ឋបាលខេត្តព្រះសីហនុ រៀបចំដោយគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តព្រះសីហនុ នៅសាលប្រជុំរដ្ឋបាលខេត្ត។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កោតសរសើរមន្ត្រីរាជការ កងកម្លាំងនៃរដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀន រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងបានសំណូមពរដល់អ្នកចូលរួម ទាំងអស់បន្តខិតខំផ្សព្វផ្សាយទាំងបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug ជូនដល់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

ក្នុងនាមលោក ម៉ាង ស៊ីណេត អភិបាលខេត្ត ក្នុងឱកាសនោះដែរលោក នៃ គង់ អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងណែនាំឲ្យគ្រប់ អង្គភាពទូទាំងរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជំរុញបំផុសឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug ឆ្លើយតបទៅនឹងសូចនាករទាំងគុណវិស័យ និងបរិមាណវិស័យ ដើម្បីឈានទៅសម្រេចបាននូវទិសដៅ ដែលបានកំណត់ គឺគ្រប់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ត្រូវទទួលបាននូវការផ្សព្វផ្សាយ អប់រំ និងចំណេះដឹងអំពីបញ្ហាគ្រឿងញៀន ឈានទៅបង្ការ និងចៀសផុតពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដែលជាបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនាមលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋានបានផ្សព្វផ្សាយនូវគោលនយោបាយ គោលការណ៍ផែនការ ដើម្បីចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាព ខ្ពស់នូវផែនការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ដោយបានលើកពីតួនាទីរបស់តួអង្គនីមួយៗសំដៅពង្រឹងបាននូវប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់យើងចៀសផុតបានពីផលវិបាកនានាដែលបណ្ដាលមកពីបញ្ហាគ្រឿងញៀន៕