FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ ទទួលស្គាល់ជាផ្លូវការ «សមាគមសម្ព័ន្ធអ្នកវិនិយោគ ចិន-អាស៊ាន និងអន្តរជាតិ» (Video inside)

28-09-2026 14:45

(ភ្នំពេញ)៖ យោងតាមសំណើរបស់ «សមាគមសម្ព័ន្ធអ្នកវិនិយោគ ចិន-អាស៊ាន និងអន្តរជាតិ» ក្រសួងមហាផ្ទៃបានប្រកាសពីការចុះបញ្ជីផ្លូវការនៃ «សមាគមសម្ព័ន្ធអ្នកវិនិយោគ ចិន-អាស៊ាន និងអន្តរជាតិ» ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅបុរីតូក្យូ ៩៩៩ ផ្ទះលេខ៩០១០ ផ្លូវលេខ១ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយត្រូវបានចុះហត្ថលេខា ទទួលស្គាល់នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។

សមាគមសម្ព័ន្ធអ្នកវិនិយោគ ចិន-អាស៊ាន និងអន្តរជាតិ មានអ្នកឧកញ៉ា កី ម៉ានេ ជាប្រធាន ព្រមទាំងមានអនុប្រធាន និងទីប្រឹក្សាជាជនជាតិអាមេរិក, បារាំង និងខ្មែរផងដែរ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ថា «សមាគមសម្ព័ន្ធអ្នកវិនិយោគ ចិន-អាស៊ាន និងអន្តរជាតិ» ត្រូវធ្វើសកម្មភាព និងបំពេញកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន ដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយមិនទាញយកប្រាក់ចំណេញ ឬមិនយកកម្រៃមកចែកគ្នា មិនមានការ រើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ។

ក្នុងការអនុវត្តសកម្មភាពការងារជាក់ស្តែងតាមវិស័យនីមួយៗ «សមាគមសម្ព័ន្ធអ្នកវិនិយោគ ចិន-អាស៊ាន និងអន្តរជាតិ» ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្របតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។

ជាមួយគ្នានេះ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធានអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានកិច្ចការ សមាគម និងគណបក្សនយោបាយ និងសាមីសមាគម ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕