FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់៖ ប័ណ្ណកម្មសិទ្ធិដីធ្លី គឺខែលការពារផ្លូវច្បាប់ដ៏រឹងមាំ និងជាគោលនយោបាយអភិវឌ្ឍន៍ជាតិ

28-09-2026 14:46

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ មិនមែនត្រឹមតែជាការវាស់វែង និងប្រមូលទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «គោលនយោបាយចម្បង និងជាយុទ្ធសាស្ត្រគន្លឹះ» របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាដល់សិទ្ធិកាន់កាប់ស្របច្បាប់ ការផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ និងជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការកាត់បន្ថយភាពក្រីក្រ និងជម្លោះដីធ្លីនៅមូលដ្ឋាន។

លោកអភិបាលខេត្ត បានថ្លែងបែបនេះ នៅបរិវេណវត្តទួលត្បែង ក្នុងពិធីជួបសំណេះសំណាល និងប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី បិទបញ្ចប់សម្រាប់៥ភូមិ លើ១៣ភូមិ ក្នុងឃុំឈើតុំ ស្រុកក្រគរ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

តាមរយៈរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ សម្រាប់៥ភូមិបន្ថែម លើ១៣ភូមិ ក្នុងឃុំឈើតុំ រួមមាន៖ ភូមិឈើទែប ភូមិក្រាំងខឿន ភូមិចាមចាស់ ភូមិចាមថ្មី និងភូមិដង្កៀបក្តាម សម្រេចបានលទ្ធផលសរុបផ្ទៃដីចំនួន ៤,៧៩៩.៧ហិកតា ស្មើនឹង ៦,០៩០ក្បាលដី លើ ២,៩៥៩គ្រួសារ ក្នុងនោះមានដីលំនៅដ្ឋាន ១,៣៤៥ក្បាលដី និងដីកសិកម្ម ៤,២៤១ក្បាលដី ក្រៅពីនោះមានដីព្រៃ, ដីឃុំ, ដីភូមិ, ដីបឹង, ដីសាលារៀន, ដីមណ្ឌលសុខភាព, ដីទីលានចាក់សំរាម និងដីម្ចាស់មិនមកបំពេញទិន្នន័យក្បាលដី...។ ការបិទផ្សាយជាសាធារណៈក្នុងរយៈពេល ១៥ថ្ងៃនេះ គឺជាឱកាសមាស សម្រាប់ប្រជាពលរដ្ឋមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ តវ៉ា ឬកែតម្រូវព្រំដី មុននឹងឈានដល់ការចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ខូយ រីដា បានជម្រាបជូនពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដោយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច។ លោកបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ដែលជាគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាដល់សិទ្ធិកាន់កាប់ស្របច្បាប់ ការផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ និងការកាត់បន្ថយជម្លោះដីធ្លីនៅមូលដ្ឋាន។ លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអញ្ជើញមកពិនិត្យមើលទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា ដើម្បីធានាភាពត្រឹមត្រូវ មុនពេលចេញប័ណ្ណកម្មសិទ្ធិផ្លូវច្បាប់។

លោកសូមយកឱកាសនេះ ផ្តល់សារណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបំផុសផ្សព្វផ្សាយសកម្មភាពការងារប្រចាំថ្ងៃ នៅលើបណ្តាញសង្គម Facebook ឱ្យបានទូលំទូលាយ ដើម្បីបង្ហាញពីលទ្ធផលការងារ និងបង្ខិតសេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់អាណាព្យាបាល ត្រូវយកចិត្តទុកដាក់ជំរុញកូនចៅ ឱ្យខិតខំសិក្សារៀនសូត្រ និងដាច់ខាតកុំបោះបង់ការសិក្សា ព្រោះចំណេះដឹង គឺជាទុនដ៏មានតម្លៃបំផុត សម្រាប់អនាគតពួកគាត់ និងសង្គមជាតិ។ ត្រូវចូលរួមលុបបំបាត់ការបោះចោលសំរាមពាសវាលពាសកាល ដោយអនុវត្តតាមពាក្យស្លោក «ហូបស្អាត ផឹកស្អាត រស់នៅស្អាត» ដើម្បីសុខភាពល្អ។ ហាមឃាត់ការបំពានដីចំណីផ្លូវសាធារណៈ ដើម្បីធានាសណ្តាប់ធ្នាប់ និងភាពងាយស្រួល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នាពេលអនាគត។

លោក ខូយ រីដា មានសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើន និងមានភាពសុខដុមរមនាតាមគ្រួសារនីមួយៗ៕