FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សារិន វណ្ណា៖ សេវាដីធ្លី និងសំណង់ជាង ១ពាន់មុខ បានរៀបចំជាសេវា Online, ក្រសួងក៏ត្រៀមបង្កើតទីតាំង «មជ្ឈមណ្ឌលប្រជាជន» ដើម្បីផ្តល់សេវាជូនពលរដ្ឋបន្ថែម (Video inside)

28-09-2026 14:36

(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហោះវីដេអូរបស់លោកឧបនាយករដ្ឋមន្ត្រី សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍អំពីការប្រែក្លាយច្រកចេញចូលតែមួយ ជាមមជ្ឈមណ្ឌលប្រជាជន ដែលជាចំណូលទ្រទ្រង់ការអភិវឌ្ឍក្នុងមូលដ្ឋាន។

ជាមួយនឹងការបង្ហោះវីដេអូលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល, លោក សារិន វណ្ណា ក៏បានលើកឡើងផងដែរថា ដោយអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលលើបរិវត្តកម្មឌីជីថល ដើម្បីកាត់បន្ថយ និងលុបបំបាត់កម្រៃសេវាក្រៅផ្លូវការឱ្យកាន់តែប្រសើរឡើងនោះ សេវាដីធ្លី និងសំណង់ជាង ១០០០មុខ បានប្រែក្លាយជាសេវា Online រួចរាល់ ហើយក្រសួងរៀបចំដែនដី ក៏បានត្រៀមបង្កើតទីតាំង «មជ្ឈមណ្ឌលប្រជាជន» ដើម្បីផ្តល់សេវាជូនពលរដ្ឋឱ្យបានតែល្អប្រសើរ។

តាមរយៈបណ្តាញសង្គម នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក សារិន វណ្ណា បានបញ្ជាក់ដូចន​េះថា យុទ្ធសាស្ត្រកាត់បន្ថយរយៈពេលផ្តល់សេវាសាធារណ និងលុបបំបាត់កម្រៃសេវាក្រៅផ្លូវការឱ្យកាន់តែប្រសើ ដល់ប្រជាពលរដ្ឋ (សេវាគាប់ចិត្ត) មានតែអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលលើបរិវត្តកម្មឌីជីថល ព្រោះការចុះបញ្ជី មានលក្ខណជាប្រព័ន្ធ តាមបណ្តា រាជធានី ខេត្ត ត្រូវបានបិទ បញ្ចប់ជាបណ្តើរៗហើយ។ សេវា ដីធ្លី និង សំណង់ជាង ១០០០មុខ បានប្រែក្លាយជាសេវា Online រួចហើយ។

លោក សារិន វណ្ណា បានបន្ថែមថា ក្រសួងរៀបចំដែនដី និងបង្កើតទីតាំង «មជ្ឈមណ្ឌលប្រជាជន» អ្នកស្នើសុំសេវា អាចជ្រើសរើសទីតាំងផ្តល់សេវាណា ដែលអ្នកចង់បាន និងមានភាពងាយស្រួលដោយទិន្នន័យនៃការចុះបញ្ជីដីធ្លីកន្លងមក ស្ថិតក្នុងប្រព័ន្ធទិន្នន័យរួមរួចហើយ។

កំណែទម្រង់របៀបនេះ មិនបាច់ហត់នើយច្រើន និយាយច្រើន និងងាយស្រួលតាមដានការ អនុវត្តលិខិតបទដ្ឋានគតិយុត្តិ ដែលនៅជាធរមាន។ អ្នកស្នើសុំសេវា បានដឹងពីចរន្តឯកសាររបស់ខ្លួន តាមរយៈទូរសព្ទដៃផ្ទាល់ខ្លួន៕