FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងបញ្ជាសុនខជំនាញ, ឧត្តមសេនីយ៍ឯក លន់ សុផាត ដាក់ទិសដៅ ៨ចំណុច ដល់សិក្ខាកាមដើម្បីពង្រឹងប្រសិទ្ធភាពការងារ

28-09-2026 14:20

(ភំ្នពេញ)៖ ដោយទទួលបានការអនុញ្ញាតពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងបញ្ជាសុនខជំនាញ ដល់មន្ត្រីបណ្ឌិត្យសភានគរបាលជាតិ អង្គភាពតម្រួតបទបញ្ជា និងស្នងការដា្ឋននគរបាលខេត្ត ដោយមានសិក្ខាកាមចំនួន៦៦រូប នៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅសង្កាត់ព្រែកឯង រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក សែម សុតាន់ ប្រធានអង្គភាពអន្តរាគមន៍ បានថ្លែងអំណរគុណលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត ដែលតែងតែជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រដល់អង្គភាពអន្តរាគមន៍ ក្នុងការថែរក្សាចិញ្ចឹមសត្វសុនខ ការថែទាំសុខភាពរបស់សុនខកន្លងមក និងបច្ចុប្បន្ន ដើម្បីលើកកម្ពស់សមត្ថភាពជំនាញក្នុងការហ្វឹកហាត់ ការគ្រប់គ្រង និងបញ្ជាសុនខជំនាញ ដល់មន្ត្រីបណ្ឌិត្យសភានគរបាលជាតិ អង្គភាពតម្រួតបទបញ្ជា និងស្នងការដា្ឋននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តាងនាម នាយឧត្តមសេនីយ៍ ស ថេត បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គរយៈពេល៥ខែនេះដោយជោគជ័យ។

លោកឧត្តមសេនីយ៍ឯក សូមថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំអង្គភាព គណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាម និងមន្ត្រីក្រោមឱវាទ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ និងចាត់ចែងដំណើរការវគ្គនេះ ប្រព្រឹត្តទៅដោយរលូន និងតាមផែនការដែលបានកំណត់។

ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានដាក់ទិសដៅមួយចំនួនដូចខាងក្រោម៖

១៖ គោរពឲ្យបាននូវបទវិន័យនគរបាលជាតិកម្ពុជា
២៖ បន្តការតស៊ូ អត់ធ្មត់ លះបង់ខ្ពស់បំផុត ប្រកាន់ឱ្យបានខ្ជាប់ខ្ជួន វវិន័យ សេចក្ដីថ្លៃថ្នូរ ឱ្យសក្តិសមជានគរបាលជាតិ ដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ
៣៖ យកចិត្តទុកដាក់ក្នុងការចិញ្ចឹម និងថែទាំសុនខ តាមបច្ចេកទេសដែលបានហ្វឹកហាត់
៤៖ ពិនិត្យឱសថ និងស្វែងយល់ការប្រើប្រាស់ឱសថឲ្យបានច្បាស់លាស់ មុននឹងប្រើប្រាស់លើសុនខ
៥៖ តាមដានចំពោះជម្ងឺសំខាន់ៗ ដែលបានកើតលើសុនខ
៦៖ ឧស្សាហ៍ធ្វើតេស្ត និងសាកល្បងចំពោះជំនាញដែលសុនខបានហ្វឹកហាត់រួច
៧៖ ស្វែងយល់បន្ថែមអំពីការហ្វឹកហាត់ និងការថែទាំសុខភាពសុនខឲ្យមានប្រសិទ្ធភាពខ្ពស់
៨៖ តៀមលក្ខណៈជានិច្ចរង់ចាំទទួលបទបញ្ជា ពីថ្នាក់ដឹកនាំក្នុងការចុះបំពេញបេសកកម្ម។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកថវិការបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន ១០លានរៀលឧបត្ថម្ភដល់អង្គភាពអន្តរាគមន៍ និងបានឧបត្ថម្ភដល់គ្រូបង្វឹកក្នុងម្នាក់ៗ២០ម៉ឺនរៀលផងដែរ៕