នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាលជាមួយកងទ័ពដែលត្រៀមចូលរួមលំហាត់សង្គ្រោះគ្រោះមហន្តរាយរួមគ្នាកម្ពុជា-ឡាវ-វៀតណាម (Video inside)
28-09-2026 13:44
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធកងយោធពលខេមរភូមិន្ទ ជាមួយបណ្ដាប្រទេសជាមិត្ត និងការចាត់តាំងសមយុទ្ធក្នុងកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងដែលត្រូវទៅចូលរួមលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា រវាងកងទ័ពបីប្រទេសកម្ពុជា-ឡាវ-វៀតណាម។ ពិធីនេះបានប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានទ័ពពិសេស កំបូល។
លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពកម្ពុជា-ឡាវ និងវៀតណាម នឹងធ្វើឡើងក្រោមប្រធានបទ «លំហាត់ហ្វឹកហ្វឺនការពារជនស៉ីវិល នៃកងទ័ពបី ប្រទេសវៀតណាម-ឡាវ-កម្ពុជា ២០២៦»។ លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពទាំង៣ ឆ្នាំ២០២៦នេះ នឹងត្រូវធ្វើឡើងនៅកងពលតូចវិស្វកម្ម២៤៩ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពប្រជាជនវៀតណាម នៅទីក្រុងហាណូយ។
រយៈពេលនៃការធ្វើលំហាត់ហ្វឹកហ្វឺននឹងធ្វើឡើងរយៈពេល ១៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ការហ្វឹកហ្វឺនគឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនសមត្ថភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងបី ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្នផ្សេងៗ ដែលអាចកើតមានឡើងក្នុងតំបន់។ តាមរយៈលំហាត់នេះកងកម្លាំងនឹងទទួលបានបទពិសោធន៍ថ្មីៗ និងផ្លាស់ប្តូរចំណេះដឹង បច្ចេកទេស ព្រមទាំងពង្រឹងស្មារតីសាមគ្គីភាព និងមិត្តភាពរវាងគ្នា។
កិច្ចសហប្រតិបត្តិការយោធាត្រីភាគីនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងពង្រឹងចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែរឹងមាំថែមទៀត។
តាងនាមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ សៅ សុខា បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់។ ហើយនេះមិនមែនជាលើកទីមួយទេ ដែលកងយោធពលខេមរភូមិន្ទ បានចេញទៅចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយបីប្រទេសនេះ ដូច្នេះ លោកជឿជាក់ថាកម្លាំងរបស់កម្ពុជាជិត៨០រូប ដែលទៅចូលរួមក្នុងលំហាត់នេះនឹងទទួលបានជោគជ័យ។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានកោតសសើរដល់បណ្តាស្ថាប័ន និងអង្គភាព ដែលបានចាត់តាំងកម្លាំង និងសម្ភារៈ ទៅចូលរួមក្នុងលំហាត់ និងបណ្ដាស្ថាប័នដទៃទៀតដែលមានការពាក់ព័ន្ធហើយបានជួយសម្របសម្រួលរាល់កិច្ចការងារផ្សេងៗនាពេលកន្លងមកនេះ ទើបធ្វើឱ្យយោធិនរបស់យើងអាចចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសបានដោយរលូន។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏សូមផ្តល់នូវមតិផ្ដាំផ្ញើរមួយចំនួនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលទៅចូលរួមក្នុងលំហាត់ហ្វឹកហ្វឺននៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដូចខាងក្រោម៖
ទី១៖ ត្រូវចូលរួមគោរពដាច់ខាតនូវរាល់បទបញ្ជា និងការចាត់តាំងនានារបស់ថ្នាក់ដឹកនាំក្រុម ឬមេបញ្ជាការដឹកនាំ ពិសេសបទបញ្ជាផ្ទៃក្នុង នៃលំហាត់របស់ប្រទេសដែលជាម្ចាស់ផ្ទះ
ទី២៖ ត្រូវមានភក្តីភាព ទឹកចិត្តក្លាហានយកចិត្តទុកដាក់ តស៊ូអត់ធន់ លះបង់ឱ្យបានខ្ពស់បំផុតប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវបទវិន័យរបស់កងយោធពលខេមរភូមិន្ទ និងសេចក្ដីថ្លៃថ្នូរសម្រាប់ជាតិរបស់យើង
ទី៣៖ ត្រូវចេះគ្រប់គ្រង និងប្រើប្រាស់កម្លាំងឱ្យចំគោលដៅទៅតាមជំនាញ ហើយត្រូវចាត់ទុកលំហាត់ដែលយើងទៅចូលរួមនេះជាការងារស្នូល និងមានសារៈសំខាន់បំផុត។ ដូច្នេះទាំងអស់គ្នាទាំងថ្នាក់ដឹកនាំក្រុម ក៏ដូចយោធិនដែលចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាដកពិសោធន៍ ទាំងចំណេះដឹង និងចំណេះធ្វើពីបណ្ដាប្រទេសដែលចូលរួម និងធានាគុណភាព មានឆន្ទៈមោះមុត លើជំនាញពិតប្រាកដ ហើយក៏ត្រូវតែទទួលបានជោគជ័យលើគ្រប់វិញ្ញាសានានា ក្នុងកម្មវិធីនៃលំហាត់នេះដោយធានាបានទាំងកត្តាមនុស្ស និងសម្ភារៈ។
និងទី៤៖ ត្រូវយកចិត្តទុកដាក់លើការថែរក្សាសុខមាលភាព ដើម្បីជៀសឆ្ងាយពីជម្ងឺឆ្លងផ្សេងៗ។
សូមបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍របស់លោកវរសេនីយ៍ឯក ឡុង គឹមធាន នាយករងទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាន និងជាប្រធាន ក្រុមការងារដឹកនាំធ្វើលំហាត់ភាគីកងទ័ពកម្ពុជា បានគូសបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម បានរៀបចំចំនួន៤លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ដែលក្នុងនោះ៖
*លើកទី១៖ ប្រព្រឹត្តធ្វើឡើងនៅអាងណាំហ៊ុម ស្រុកសាយណាថង រដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ លើប្រធានបទ «ទប់ទល់គ្រោះមហន្តរាយធម្មជាតិពីទឹកជំនន់ និងបាក់ស្រុតដី»
*លើកទី២៖ ធ្វើឡើងនៅឆ្នាំ២០២៣ នៅផ្លូវបំបែកជា៣ ច្រកទ្វារអន្តរជាតិ ប៊ី អ៊ុំ ស្រុកងុយហួយ ខេត្តកន្ទុំ ឬ ព្រលានយន្តហោះភ្លើងហ័ង ខេត្តកន្ទុំ ប្រទេសវៀតណាម លើប្រធានបទ «ក្រុមគ្រូពេទ្យសង្គ្រោះរុករករបស់កងទ័ពប្រជាជនវៀតណាមសហការ ជាមួយក្រុមគ្រូពេទ្យសង្គ្រោះរុករករបស់កងទ័ពប្រជាជនឡាវ និងក្រុមគ្រូពេទ្យសង្គ្រោះរុករករបស់កងយោធពលខេមរភូមិន្ទ រៀបចំជួយសង្គ្រោះបញ្ជូនជនរងគ្រោះក្នុងគ្រោះមហន្តរាយរញ្ជួយដី»
*លើកទី៣៖ នាឆ្នាំ២០២៤ ប្រព្រឹត្តធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង លើប្រធានបទ «ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ បាក់រលំអគារ»
*លើកទី៤៖ នៅឆ្នាំ២០២៥ ធ្វើនៅអាងណាំហ៊ុម ស្រុកសាយណាថង រដ្ឋធានីវៀងចន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលើប្រធានបទ «ជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់ និងគ្រោះរញ្ជួយដី»។
ដោយឡែកសម្រាប់លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា នៃកងទ័ពបីប្រទេសកម្ពុជា-ឡាវ-វៀតណាមឆ្នាំ២០២៦ ដោយទទួលបានសច្ចាប័ននៅលើផែនការ កាលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ របស់ក្រសួងការពារជាតិកម្ពុជា ស្តីពីផែនការលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា នៃកងទ័ពបីប្រទេសកម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២៦ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានត្រៀមកងកម្លាំងរបស់ខ្លួនរួចជាស្រេច ដើម្បីបញ្ជូនកម្លាំងទាំងនោះទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នាកងទ័ពបីប្រទេសកវៀតណាម-កម្ពុជា-ឡាវ លើប្រធានបទ «លំហាត់ហ្វឹកហ្វឺនការពារជនស៊ីវិល នៃកងទ័ពបីប្រទេស វៀតណាម-ឡាវ-កម្ពុជា» ដែលនឹងប្រព្រឹត្តធ្វើឡើងនៅកងពលតូចវិស្វកម្ម២៤៩ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពប្រជាជនវៀតណាម ស្ថិតក្នុងសង្កាត់កាំងអ័យ ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានកងកម្លាំងកម្ពុជាចូលរួមប្រមាណជា ៧២នាក់ រួមទាំងសម្ភារៈឧបករណ៍គ្រឿងបំពាក់ទៅជាមួយផងដែរ៕
































