ចំណងដៃថ្ងៃកាន់បិណ្ឌវេនទី១! លោក សំ លាងទ្រី ប្រកាសកសាងសាឡំតម្កល់ព្រះពុទ្ធបដិមា ១ខ្នង ប្រគេនព្រះសង្ឃនៅវត្តទ្រីសទ្ធារាម ហៅវត្តសង្កែពីរ ក្នុងស្រុកឆែប ខេត្តព្រះវិហារ
28-09-2026 13:04
(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប បានប្រកាសសាងសង់សាឡំតម្កល់ព្រះពុទ្ធបដិមា ១ខ្នង ទំហ៊ំ ៩x១៥ម៉ែត្រ ប្រគេនព្រះសង្ឃ អាចារ្យ គណៈកម្មាការវត្ត និងប្រជាពលរដ្ឋចំណុះជើងវត្តសម្រាប់ព្រះសង្ឃធ្វើកិច្ចផ្សេងៗ និងការរៀបចំពិធីនានាតាមបែបប្រពៃណីព្រះពុទ្ធសាសនា។
លោក សំ លាងទ្រី បានប្រកាសដូចនេះ នាឱកាសអញ្ជើញដឹកនាំមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងប្រជាពលរដ្ឋ ចូលរួមប្រារព្ធពិធីបុណ្យកាន់វេនបិណ្ឌទី១ នៅវត្តទ្រីសទ្ធារាម ហៅវត្តសង្កែពីរ ស្ថិតក្នុងភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។
លោក សំ លាងទ្រី បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនគណៈកម្មការ អាចារ្យ និងប្រជាពលរដ្ឋថា ការដែលលោកផ្តួចផ្តើមសាងសង់សាឡំ ១ខ្នងនេះ គឺតាមការសំណូមពររបស់លោកមេឃុំសង្កែពីរ ព្រះគ្រូចៅអធិការវត្ត គណៈកម្មការវត្ត និងបងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងតម្រូវការសាឡំធំទូលាយថ្មី ១ខ្នង ជំនួសសាឡំចាស់ដែលតូចចង្អៀត សម្រាប់បម្រើប្រយោជន៍ព្រះសង្ឃធ្វិកិច្ចផ្សេងៗ និងពុទ្ធបរិស័ទរៀបចំពិធីនានាមានលក្ខណៈងាយស្រួលផងដែរ។
តបតាមការសំណូមពរនេះលោកក៏បានសម្រេចឧបត្ថម្ភកសាងសាឡំមួយខ្នង មានទំហំ ៩ម៉ែត្រ គុណ ១៥ម៉ែត្រ នៅក្នុងបរិវេណវត្តទ្រីសទ្ធារាម ដើម្បីទុកជាសម្បត្តិសាធារណៈ និងជាប្រយោជន៍រួម សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទប្រើប្រាស់ក្នុងពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាផ្សេងៗ ដោយចាប់ផ្តើមសាងសង់ចាប់ពីថ្ងៃកាន់បិណ្ឌវេនទី២តទៅ។
លោក សំ លាងទ្រី បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនគណៈកម្មាការវត្ត និងប្រជាពលរដ្ឋ ពីការរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមរតកដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះ។
លោក សំ លាងទ្រី ក៏បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនប្រពលរដ្ឋ ឱ្យមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋភិបាល ដែលនាំមកនូវការអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិយើង និងកុំជឿតាមការញុះញុងណាមួយរបស់ក្រុមជនអគតិ ដែលបង្ហោះនៅលើបណ្តាញសង្គម ឫតាមរូបភាពផ្សេងៗ ក្នុងន័យញុះញុងបំបែកបំបាក់សាមគ្គីរវាងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដូចគ្នា នាំឱ្យរំខាន និងរាំងស្ទះដល់ការអភិវឌ្ឃន៍នានារបស់ប្រទេសជាតិ លោកថា «បើយើងបែកបាក់សាមគ្គីហើយ នោះគ្មានទេការអភិវឌ្ឍន៍»។
សូមបញ្ជាក់ថា វត្តទ្រីសទ្ធារាម ហៅវត្តសង្កែពីរ គឺផ្តួចផ្តើមកសាងដោយលោក សំ លាងទ្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសប្បុរសជន ជិត ឆ្ងាយ នានា។ ជារៀងរាល់ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនានានា លោកតែងដឹកនាំមន្ត្រីរាជការ មកចូលរួមមិនដែលអាក់ខានឡើយ ក្នុងន័យចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាដើម្បីកៀងគរថវិកាមកបន្តការកសាងនៅទីអារ៉ាមនេះឱ្យកាន់តែរីកចម្រើនផងដែរ។
ដោយឡែកនៅថ្ងៃកាន់បិណ្ឌវេនទី១ ដែលជាវេនរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី និងក្រុមការងារ បាននាំយកចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ព្រមទាំងចូលរួមពិធីសូត្រមន្តរាប់បាត្រ ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន ញាតិការទាំងប្រាំពីរសន្តាន វីរយុទ្ធជនជួរមុខ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន សូមឱ្យវិញ្ញាណក្ខន្ធអ្នកទាំងអស់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕





































