ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន ចូលរួមកាន់បិណ្ឌ និងប្រគេនទេយ្យទានដល់ព្រះសង្ឃក្នុងវត្តចំនួន៦
28-09-2026 12:42
(សៀមរាប)៖ លោក សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន និងលោកស្រី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចូលរួមកាន់បិណ្ឌ និងនាំយកទេយ្យទាន ព្រមទាំងថវិការបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី ទៀង អេង ទៀសីហា ប្រគេនដល់វត្តចំនួន៦ ក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
វត្តទាំង៦ រួមមាន៖ វត្តតេជោរតនារាម (ហៅវត្តតេជោ) វត្តកោះកែវមុន្នីរង្សី (ហៅវត្តស្នាសង្គ្រាម) វត្តប្រាសាទព្រះបាទចៅស្រីវិបុលកេរ្តិ៍ (ហៅវត្តត្រាច) វត្តជ័យគិរីមុន្នីរង្សី (ហៅវត្តរុន) វត្តព្រះខ័នសែនជ័យ (ហៅវត្តស្នាតេជោ) និងវត្តចន្ទគិរីភ្នំបូក (ហៅវត្តភ្នំបូក)។ ក្នុងមួយវត្តទទួលបានអង្ករ ១បេ មីជាតិ ៣កេស ទឹកក្រូច ១កេស ទឹកសុទ្ធ ២កេស ទឹកត្រី ទឹកស៊ីអ៉ីវ ៤យួរ និងស្ករ ៣គីឡូ។
ថ្លែងក្នុងឱកាសនោះ លោក សែម រតនា បានបញ្ជាក់ថា ការចូលរួមកាន់បិណ្ឌជាមួយប្រជាពលរដ្ឋនាពេលនេះ ក្រៅពីដើម្បីឧទ្ទិសមគ្គផលជូនជីដូនជីតា ក៏ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងសុខសន្តិភាព។ ការលះបង់ដ៏ថ្លៃថ្លានេះបានក្លាយជាគំរូវីរភាពដ៏អមតៈសម្រាប់ប្រវត្តិសាស្រ្តកម្ពុជា។
លោកក៏បានបញ្ជាក់ដែរថា វិស័យអាណាចក្រ និងពុទ្ធចក្រនៅកម្ពុជា គឺដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ ហើយការរីកចម្រើននៃព្រះពុទ្ធសាសនា គឺអាស្រ័យដោយប្រជាពុទ្ធបរិស័ទមានជីវភាពល្អប្រសើរ និងរស់នៅក្នុងប្រទេសដែលមានសុខសន្តិភាព។
លោក អ៉ឹង សុភ័ណ អភិបាលក្រុងរុនតាឯក បានលើកឡើងថា ក្រុងរុនតាឯកតេជោសែន កំពុងមានការរីកចម្រើនជាបន្តបន្ទាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សុខភិបាល និងទេសចរណ៍ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋាន។ លោកបានបន្ថែមថា ការអញ្ជើញមកកាន់បិណ្ឌ និងប្រគេនទេយ្យទាននាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជានាយឧត្តមសេនីយ៍ ទៀ សីហា ចំពោះកម្មវិធីបុណ្យប្រពៃណីសាសនារបស់កម្ពុជា គឺបុណ្យភ្ជុំបិណ្ឌ។ កិច្ចការទាំងនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងជីវភាពប្រជាពលរដ្ឋផងដែរ៕


















































