FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចុះរៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

28-09-2026 10:09

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងាររួមមាន លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត និងលោក កែវ តារារស្មី អភិបាលស្រុកមង្គលបូរី រួមជាមួយកងកម្លាំងចម្រុះ ចុះរៀបចំទីទួលសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបប្រឈមនឹងជំនន់ទឹកភ្លៀង។

ទីតាំងទីទួលសុវត្ថិភាពនេះ ស្ថិតនៅត្រង់ចំណុចផ្លូវវាងក្រុង ជាប់ព្រំប្រទល់ក្រុងសិរីសោភ័ណ។

ការរៀបចំទីទួលសុវត្ថិភាពនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពទឹកជំនន់បានបន្តកើនឡើង ដែលបណ្ដាលឱ្យប្រជាពលរដ្ឋប្រមាណ ២០គ្រួសារ នៅក្នុងភូមិព្រែកជីក ឃុំបត់ត្រង់ ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពជាបណ្ដោះអាសន្ន។ នេះជាវិធានការចាំបាច់ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយហានិភ័យដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី ក៏បានបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរស្រុក ក៏ដូចជាឃុំដែលប្រឈមនឹងទឹកជំនន់ ត្រូវបន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកឱ្យបានជាប់ជាប្រចាំ។ ទន្ទឹមនឹងនេះ ត្រូវបន្តផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈម ឱ្យត្រៀមរៀបចំសម្ភារៈចាំបាច់ទុកនៅកន្លែងសុវត្ថិភាព។ លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ប្រសិនបើស្ថានភាពទឹកនៅតែបន្តកើនឡើងទៀត កម្លាំងអន្តរាគមន៍ត្រូវតែចេញជួយប្រជាពលរដ្ឋជាបន្ទាន់។

បន្ថែមពីនេះ រាល់ទីទួលសុវត្ថិភាពទាំងអស់ ត្រូវតែមានកងកម្លាំង ឬប្រជាការពារប្រចាំការដើម្បីធានាសន្តិសុខ និងមានក្រុមគ្រូពេទ្យប្រចាំការផងដែរ ទោះបីជាចំនួនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពមិនទាន់មានច្រើនយ៉ាងណាក៏ដោយ។ ការយកចិត្តទុកដាក់នេះ គឺដើម្បីធានាថាប្រជាពលរដ្ឋទទួលបានការការពារ និងជំនួយចាំបាច់គ្រប់ពេលវេលា៕