FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហួត ហាក់៖ GX Summit 2026 នៅសៀមរាប ជំរុញកិត្តិនាម និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ និងពង្រឹងភាពជាដៃគូរយៈពេលវែងជាមួយ G Adventures

28-09-2026 07:35

(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍ GX Summit 2026 នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោក Bruce Poon Tip សហស្ថាបនិកក្រុមហ៊ុន G Adventures លោក ង៉ូវ សេងកាក់ តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ប្រតិភូ G Adventures មកពីគ្រប់ទ្វីប និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបជាង៧០០រូប។

ក្នុងពិធីនេះ លោក ហួត ហាក់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូអន្តរជាតិដែលបានធ្វើដំណើរមកកាន់កម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់លោក Bruce Poon Tip និងក្រុមការងារ G Adventures ដែលបានជ្រើសរើសកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ GX Summit 2026 ដែលជាវេទិកាអន្តរជាតិដ៏សំខាន់ក្នុងការលើកកម្ពស់កិត្តិនាម និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ បានបង្ហាញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមដែលមានសន្តិភាព និងស្ថិរភាព។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ក៏បានបង្កើតឱកាសសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ ការវិនិយោគ និងធុរកិច្ច ព្រមទាំងជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើតចំណូលដល់អាជីវកម្ម សណ្ឋាគារ ភោជនីយដ្ឋាន សហគមន៍ និងប្រជាពលរដ្ឋ តាមរយៈការស្នាក់នៅ ការធ្វើដំណើរ ការប្រើប្រាស់សេវាកម្ម និងការចំណាយរបស់ប្រតិភូអន្តរជាតិ។

ជាមួយគ្នានេះ លោក Bruce Poon Tip សហស្ថាបនិកក្រុមហ៊ុន G Adventures បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងនាំយកបទពិសោធន៍នៃការធ្វើដំណើរ ការស្នាក់នៅ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា ទៅកាន់ពិភពលោក។ លោកក៏បានបញ្ជាក់ថា ក្រុមហ៊ុន G Adventures នឹងបន្តនាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា តាមរយៈការពង្រីកការផ្សព្វផ្សាយ និងការអភិវឌ្ឍទេសចរណ៍ដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ផ្ទាល់។

ក្នុងឱកាសនេះ លោក ហួត ហាក់ បានលើកឡើងនូវអនុសាសន៍សំខាន់ៗចំនួន៣ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមាននិរន្តរភាព ភាពធន់ និងបរិយាបន្ន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងនិន្នាការទេសចរណ៍សកល រួមមាន៖

ទី១៖ លើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការស្តារឡើងវិញ តាមរយៈការគាំទ្រសហគមន៍ សិប្បកម្មប្រពៃណី ការវិនិយោគបៃតង និងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ។

ទី២៖ វិនិយោគលើភាពធន់ នវានុវត្តន៍ និងធនធានមនុស្ស ដោយប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ពង្រឹងជំនាញក្នុងវិស័យបដិសណ្ឋារកិច្ច និងលើកកម្ពស់ឱកាសការងារប្រកបដោយបរិយាបន្នសម្រាប់ប្រជាពលរដ្ឋ។

ទី៣៖ ពង្រឹងភាពជាដៃគូរយៈពេលវែង ជាមួយក្រុមហ៊ុន G Adventures ប្រតិបត្តិករទេសចរណ៍អន្តរជាតិ វិនិយោគិន និងដៃគូអភិវឌ្ឍនានា ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី ទាក់ទាញការវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រយៈពេលវែង។

លោករដ្ឋមន្ត្រីបានបន្ថែមថា GX Summit 2026 នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរគំនិត ការកសាងទំនុកចិត្ត និងការពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងដៃគូអន្តរជាតិ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានការទទួលខុសត្រូវ ភាពធន់ និងនិរន្តរភាព។

ជាចុងក្រោយ លោក ហួត ហាក់ បានអញ្ជើញប្រតិភូអន្តរជាតិទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយរូបភាពពិតរបស់កម្ពុជាទៅកាន់ពិភពលោក ក្នុងនាមជាប្រទេសដែលមានសន្តិភាព ស្ថិរភាព បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងសម្បូរបែបដោយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ៕