FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈប្រតិភូ គ.ជ.ប ចេញដំណើរទៅកាន់ទីក្រុងកេបិច ប្រទេសកាណាដា ដើម្បីចូលរួមកិច្ចចែករំលែកឧត្តមានុវត្តន៍ និងបេសកកម្មសង្កេតការណ៍បោះឆ្នោត

27-09-2026 22:24

(ភ្នំពេញ)៖ គណៈប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំដោយលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ (ច្រក VIP) ដើម្បីចូលរួមកិច្ចចែករំលែកឧត្តមានុវត្តន៍ និងបេសកកម្មសង្កេតការណ៍បោះឆ្នោត ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងកេបិច ប្រទេសកាណាដា។

ការចូលរួមនេះធ្វើឡើងតបតាមការអញ្ជើញរបស់បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) ដែល គ.ជ.ប ជាសមាជិកពេញសិទ្ធិ។

បេសកកម្មនេះមានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់ពីឧត្តមានុវត្តន៍នានាក្នុងការរៀបចំការបោះឆ្នោតពីបណ្តាប្រទេសជាសមាជិក RECEF។ តាមរយៈការចូលរួមនេះ គ.ជ.ប នឹងអាចពង្រឹងសមត្ថភាព និងលើកកម្ពស់គុណភាពនៃការរៀបចំការបោះឆ្នោតនៅកម្ពុជាឱ្យកាន់តែមានតម្លាភាព យុត្តិធម៌ និងស្របតាមស្តង់ដារអន្តរជាតិ។ នេះក៏ជាឱកាសមួយសម្រាប់កម្ពុជាក្នុងការបង្ហាញពីវឌ្ឍនភាព និងបទពិសោធន៍របស់ខ្លួនក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យផងដែរ។

លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺជាកិត្តិយសរបស់កម្ពុជា ក្នុងចំណោមប្រទេសចំនួន១៦ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅនៅទីក្រុងកេបិច ដែលជាខេត្តស្វយ័ត របស់ប្រទេសកាណាដា។ ក្នុងនោះកម្ពុជានឹងចែករំលែកបទពិសោធន៍របស់ខ្លួនពាក់ព័ន្ធនឹងការរៀបចំដំណើរការបោះឆ្នោត៕