អគ្គបញ្ជាការដ្ឋានកងទ័ព ច្រានចោលការផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមរឿងមិនបើកប្រាក់ខែឱ្យកងទ័ពជួរមុខ (Video inside)
27-09-2026 22:09
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ នាយករងទីចាត់ការឃោសនា-ព័ត៌មាន អគ្គបញ្ជាការ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញមកច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានមិននៅលើបណ្តាញសង្គម រឿងមិនបើកប្រាក់ខែឱ្យកងទ័ពជួរមុខ។ ចំពោះការចោទប្រកាន់ថា «មិនបើកប្រាក់ខែទាហាន» គ្មានភស្តុតាងច្បាស់លាស់ អាចបង្កការភាន់ច្រឡំក្នុងសង្គម។
ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានឱ្យដឹងថា ថ្មីៗនេះ មានការបង្ហោះតាមបណ្ដាញសង្គមរបស់ក្រុមជ្រុលនិយម ដែលចោទប្រកាន់ថា ថ្នាក់ដឹកនាំកងទ័ពមិនបានបើកប្រាក់ខែជូនកងទ័ព ដោយភ្ជាប់ជាមួយជីវភាពក្រុមគ្រួសារកងទ័ពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ការអះអាងនេះ មិនបានបង្ហាញប្រភព ឯកសារ ឬភស្តុតាងជាក់លាក់ដែលអាចផ្ទៀងផ្ទាត់បានឡើយ។
ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានលើកឡើងថា ការផ្សព្វផ្សាយការចោទប្រកាន់ដោយគ្មានប្រភពច្បាស់លាស់ អាចបង្កការយល់ច្រឡំ បំពុលព័ត៌មានក្នុងសង្គម និងប៉ះពាល់ដល់ស្មារតី និងទឹកចិត្តកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារមាតុភូមិ។
ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំប្រញាប់ជឿ ឬចែករំលែកព័ត៌មានដែលគ្មានប្រភព។ មុននឹងផ្សព្វផ្សាយ សូមផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ ព្រោះព័ត៌មានពិតត្រូវមានប្រភព ឯកសារ ឬភស្តុតាងដែលអាចបញ្ជាក់ និងផ្ទៀងផ្ទាត់បាន៕
