FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈឃោសនាអប់រំខេត្តពោធិ៍សាត់ បិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៦ ជូនសិក្ខាកាម៦៥រូប

27-09-2026 18:49

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សខេត្ត បានរៀបចំពិធីបិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៦ នៅមន្ទីរគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ក្រោមអធិបតីភាពលោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់។

ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់លោកអនុប្រធានគណបក្សខេត្ត សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានគណបក្សមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងលោកលោកស្រី ជាសិក្ខាកាមសរុបចំនួន៦៥រូប (ស្រ្តី២០រូប) មកពីគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ លោក ហៀម ឃួន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំខេត្ត បានគូសបញ្ជាក់ថា វគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៦នេះ បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ស្របតាមស្មារតីនៃផែនការចាត់តាំងវគ្គអប់រំនយោបាយ របស់គណបក្សលេខ ០១/១៥ សណ.គក របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល។

លោកបានបន្ថែមថា គណៈឃោសនាអប់រំគណបក្សខេត្ត ក្នុងនាមជាសេនាធិការ បានរៀបចំវគ្គអប់រំនយោបាយជាបន្តបន្ទាប់រហូតសម្រេចបាន ចំនួន៣៥វគ្គរួចមកហើយ មុននឹងឈានដល់ការបិទវគ្គជំនាន់ទី៣៦នេះ ដោយទទួលបានការគាំទ្រ និងតម្រង់ទិសយ៉ាងជិតស្និទ្ធ ពីឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្ត។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីបិទវគ្គអប់រំនយោបាយនោះ លោក ខូយ រីដា បានគូសបញ្ជាក់ថា ក្នុងអាណត្តិដឹកនាំខេត្តពោធិ៍សាត់ បានជិត៤ឆ្នាំមកនេះ លោកបានខិតខំប្រឹងប្រែងប្រែមុខមាត់ខេត្តពោធិ៍សាត់ ជាប្រវត្តិសាស្ត្រ ដែលជាស្ដែងថ្មីៗនេះ ខេត្តពោធិ៍សាត់ល្បីបំផុត គឺគ្មានសម្រាម និងមានបរិស្ថានស្អាត ដែលការខិតខំប្រឹងប្រែងនេះ ក៏មានការជួយជ្រោមជ្រែងយ៉ាងសកម្មពី លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ផងដែរ។

លោកបានលើកឡើងថា «យើងដឹងហើយថាកន្លងមកនេះ ភាគីថៃបានឈ្លានពានយើង និងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបំបាក់ស្មារតីសាមគ្គីភាព ឯកភាពជាតិ, ដូច្នេះយើងត្រូវរួមរឹតកម្លាំងសាមគ្គីគ្នា ដើម្បីយកឈ្នះលើសត្រូវ ដោយត្រូវជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយ និងប្រើប្រាស់សង្គ្រាមការទូត ក៏ដូចជាច្បាប់អន្តរជាតិ, ហើយបើសត្រូវនៅបន្តមហិច្ឆតានោះ យើងក៏មិនអនុញ្ញាត និងត្រូវតតាំងកម្ចាត់សត្រូវជាដាច់ខាត»។

លោកបានផ្តាំផ្ញើ និងលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីធានាថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២៧ខាងមុខ នឹងទទួលបានជោគជ័យដ៏ត្រចះត្រចង់។

ទន្ទឹមនឹងនេះ លោកប្រធាន ខូយ រីដា ក៏បានក្រើនរំលឹកដល់មន្ត្រីគណបក្សទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើអាទិភាពការងារសំខាន់ៗ ចំនួន៣ តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ៖ សុខភាព, ចំណេះដឹង និងជីវភាព របស់ប្រជាពលរដ្ឋ។ ពិធីបិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៦ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល សាមគ្គីភាព និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការយកចំណេះដឹងដែលទទួលបាន ទៅពង្រឹងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនបន្តទៀតប្រកបដោយជោគជ័យ៕