ពីលើវេទិកា UN! ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ប្រមុខការទូតកម្ពុជា៖ អំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់
27-09-2026 17:29
(សហរដ្ឋអាមេរិក)៖ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ បានបានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ រួមមានសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ កិច្ចព្រមព្រៀងកុងសង់ស៊ីសហ្វូសៀន (Fuxian Consensus) និងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងការបន្តសកម្មភាពខណ្ឌសីមា និងវាស់វែងព្រំដែន នៃគណៈកម្មការព្រំដែនរួម (JBC) ជាប្រញាប់។
ការអំពាវនាវបែបនេះរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ (UNGA81) នៅទីក្រុងញូវយ៉ក ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញគ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិ ដែលសម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា»។
កិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ បានប្រមូលផ្ដុំថ្នាក់ដឹកនាំពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមសកល ដែលកំពុងកើនឡើងរួមមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ វិសមភាព និងការផ្លាស់ប្ដូរផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។
តាមរយៈលទ្ធផលដែលបង្ហាញដោយក្រសួងការបរទេស ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ពីការខូចខាតបេតិកភណ្ឌវប្បធម៌ ការបារម្ភចំពោះការគំរាមកំហែងដែលបង្កដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្ថានភាពមនុស្សធម៌របស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា ជាង២០,០០០នាក់ ដែលត្រូវបានភៀសសឹក និងមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន។
ចំពោះការទាមទារដែនសមុទ្រ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីពីផ្តួចផ្តើមរបស់កម្ពុជា ក្នុងដំណើរការនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃ បានលុបអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដោយឯកតោភាគី ដើម្បីការពារសិទ្ធិដែនសមុទ្រអធិបតេយ្យរបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ។
លើសពីនេះ ឧបនាយករដ្ឋមន្ត្រី បានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនរួមទាំង តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តី ពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការសហការជាមួយការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងបទល្មើស (UNODC) និងអង្គការប៉ូលីសអន្តរជាតិ (INTERPOL) ព្រមទាំងបានប្រកាសពីភាពត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ៕





