មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ បាយបិណ្ឌ ខុសពីបាយបាត្រ សូមកុំប្រមាថដូនតាខ្មែរ!
27-09-2026 16:04
(ភ្នំពេញ)៖ លោក ស៉ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា បាយបិណ្ឌ ខុសពីបាយបាត្រ ហេតុដូច្នេះ សូមកុំប្រមាថដូនតាខ្មែរ។
សាស្ត្រាចារ្យបង្រៀនផ្នែកប្រវត្តិសាស្ត្រខ្មែរ និងប្រវត្តិសិល្បៈ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) បានលើកឡើងបែបនេះ បន្ទាប់ពីមានអ្នកផ្តើមគំនិត មិនឲ្យមានបោះបាយបិណ្ឌ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ លោកយល់ថា នេះជាគំនិតនាំទៅរកការលុបបំបាត់វប្បធម៌ខ្មែរ ដែលដូនតាខំបង្កើតមក។
នៅក្នុងអត្ថបទ ផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ចំណងជើងថា «ត្រឡប់ត្រឡិនបាយបិណ្ឌជាបាយបាត្រ» លោក ស៉ីយ៉ុន សុភារិទ្ធ បានពន្យល់ដូចខាងក្រោមនេះ៖
ពាក្យចាស់លោកពោលថា “ត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាត្រ” គឺជាពំនោលស្តីបន្ទោសចំពោះបុគ្គលដែល “មិនយល់ការ”, “មិនដឹងខុសត្រូវ” ច្បាស់លាស់តាមច្បាប់ទម្លាប់សង្គម។ សូម្បីតែ “បាយបិណ្ឌ” ក៏អាចឲ្យច្រឡំនឹង “បាយបាត្រ” កើតដែរ! យ៉ាងណាក៏ដោយបើមើលនឹងភ្នែកទទេ ហើយបើយើងស្ទើរភ្លើងក្នុងប្រពៃណីទំនៀមទម្លាប់ គឺច្បាស់ណាស់អាចច្រឡំបានដូច្នេះមែន។ ដ្បិតបាយបិណ្ឌ និងបាយបាត្រស្រដៀងគ្នា គេសូនរាងមូលដូចគ្នា ធ្វើអំពីអង្គរដំណើបដូចគ្នា រោយល្ងដូចគ្នា។ តែបើន័យសេចក្តីវិញខុសគ្នាដាច់។
តាមប្រពៃណីដែល “ខ្ចី” ពីឥណ្ឌា (ដែលមិនដែលបានសងទៅគេវិញ) ហើយមក “ទុំ” នៅខ្មែរ បុណ្យភ្ជុំបិណ្ឌ ជាកិច្ចដែលធ្វើក្នុងន័យ ឬគោលដៅពីរសំខាន់ ៖ “បង្កើតខ្លួនឲ្យប្រេត” និងរៀបតង្វាយថ្វាយដូនតា ឬព្រះបិតរប្រចាំឆ្នាំក្នុងរនោចខែភទ្របទ ដែលខ្មែរខ្លះហៅថា “ខែដូនតា” ឬ “បុណ្យដូនតា” ឬសំស្ក្រឹតថា “បិត្ឫបក្ស” (ដែលមានន័យដោយសង្ខេបខ្លីថា “ខែដូនតា”)។
ការបង្កើតរូបកាយឲ្យប្រេត គឺតាមរយៈការធ្វើបាយបិណ្ឌមួយថ្ងៃមួយដុំៗឡើងរហូតដល់១០ដុំ (តាមក្បួនស្រុកក្លឹង) ដែលគេជឿថាជាការបង្កើតខ្លួនពីក្បាលរហូតដល់គ្រឿងក្នុង។ កាលដែលប្រេតមានខ្លួនពេញបរបូរណ៍ហើយ អាចទទួលអាហារដែលគេបញ្ជូនទៅបាន ហើយបន្តដំណើរទៅស្ថានព្រះយម ដើម្បីទទួលការកាត់ទោសទៅនរក ឬទទួលបុណ្យឡើងស្ថានសួគ៌។ ការធ្វើបាយបិណ្ឌ គឺមិនឲ្យដាច់ជាដាច់ខាត ពុំនោះសោតប្រេតនឹងមានខ្លួនមិនពេញលក្ខណៈ។
ថ្ងៃ “បិណ្ឌធំ” ឬ “ភ្ជុំបិណ្ឌ” គឺជាកិច្ចសំខាន់ដែលធ្វើឲ្យប្រេតដែលមានខ្លួនរូបកាយ បានទៅកើតនៅស្ថានដូនតា ឬស្ថានព្រះបិតរ ជុំដូនជុំតា។ បន្ទាប់ពីប្រេតកើតជាដូនតាហើយ រមែងវិលមកទទួលដង្វាយពីកូនចៅដែលធ្វើបុណ្យរំឭកជារៀងរាល់ឆ្នាំក្នុងរនោចខែភទ្របទ។ ត្រង់នេះខ្មែរនៅសល់កន្ទុលលិនពីឥណ្ឌា ដោយជឿថាដូនតាត្រឡប់មករកកូនចៅវិញក្នុងទម្រង់ជាសត្វស្លាប ហើយហៅសត្វនោះថា “ចាបដូនតា” ដែលតែមកយំជិតផ្ទះនារដូវកាលបុណ្យភ្ជុំ។ នៅស្រុកក្លឹង ស្រុកដើមឯណោះវិញ គេយល់ថាដូនតាគេ មកជាសត្វស្លាបដែរ តែជាសត្វក្អែក។ (នៅវែងឆ្ងាយជាងនេះ តែសុំសង្ខេបខ្លីប៉ុណ្ណេះ។)
ទំនៀមតមកសព្វថ្ងៃ ខ្មែយល់ថាបាយបិណ្ឌជាចំណីឲ្យប្រេត តែបើពិនិត្យឲ្យដិតដល់ មិនគឺចំណីឡើយ។ យើងនៅឃើញច្បាស់ថាជាកិច្ចបង្កើតខ្លួនប្រេត។ អាហារតង្វាយនានាផ្សេងទៀត គឺថ្វាយដល់ដូនតា ឬព្រះបិតរ។
ដង្វាយជូនដូនតា គឺគេធ្វើបាយមួយប្រភេទទៀត ដែលមានឈ្មោះហៅផ្សេងៗគ្នាតាមស្រុកតាមតំបន់ ៖ “បាយបាត្រ” “បាយបំពេញបាត្រ” “បាយប៉ារ៉ា” “បាយបិណ្ឌក” ឬ “បាយចង្ហាន់ព្រះ”។ បាយនេះគេធ្វើដោយសម្រឹតសម្រាំងខ្លាំងណាស់។ យាយៗ ជាពិសេស ត្រូវក្រោកពីម៉ោង២ ឬម៉ោង៣ទាបភ្លឺ ដាំបាយនេះដោយយកអង្ករដំណើបដាំនឹងទឹកដូង លាយជាមួយខ្ទិះដូង ហើយពូនជាដុំៗ ព្រមទាំងរោយល្ងផង។ ស្រុកខ្លះគេដាក់ពុំនូតបាយនោះទៅដាក់ក្នុងបាត្រលោក (បាយបាត្រ) សម្រាប់ប្រគេនលោកឆាន់ ឬតាចារ្យពិសា។ តាមសង្កេតព្រះសង្ឃឆាន់បាយនេះមុនអាហារផ្សេងទៀត។ លោកឆាន់ដង្វាយទាំងនេះគឺមានន័យថា ដូនតាបានសេពសោយ “ក្រយាសាទ” (អាហារដូនតា) ដែរ។ ព្រះសង្ឃក្នុងទេសកាលនេះ គឺជារូបស្នងឲ្យដូនតា គឺដូចជាព្រាហ្មណ៍ក្នុងទំនៀមស្រុកក្លឹងដែរ។ ទំនៀមស្រុកខ្លះទៀត គេយកទៅចោលក្នុងស្រះទឹកឲ្យឆ្ងាយ ហៅថាបាយប៉ារ៉ា (ប៉ារ៉ា គឺក្លាយមកពីពាក្យសស្ក្រឹតថា “បរ” = ឆ្ងាយ) គឺគេមិនឲ្យសត្វស៊ី ខ្លាចបាប។
បុណ្យភ្ជុំបិណ្ឌ គឺបង្ហាញច្បាស់ពីគុណធម៌ និងមេត្តាធម៌សង្គមនៃខ្មែរអ្នកជា ចំពោះអ្នកស្លាប់ មិនថាសាច់ញាតិ ឬអ្នកដទៃឡើយ គឺជួយឲ្យគ្នាបានទៅកើត មានកំណើតថ្មី។ បើមិនមានបាយបិណ្ឌនិងមិនបោះបាយបិណ្ឌ បុណ្យភ្ជុំបិណ្ឌរាប់ថា “បង្សុកូល” បញ្ជូនកុសលដល់បុព្វការី ដែលពេលណាក៏អាចធ្វើបាន។ ខ្មែរ “ខ្ចី” របៀបធ្វើកិច្ច “ស្រាទ្ធ” មកបន្ទុំឲ្យទៅជា “បុណ្យភ្ជុំបិណ្ឌ” ដែលមានលក្ខណៈដោយឡែកពីស្រុកដើម ដែលឃើញច្បាស់តាំងតែពីស.វ.ទី៩ មកម្លេះ។
កុំស្តាយបាយបន្តិចបន្តួចនេះ គួរលើកតម្កើងប្រពៃណីដ៏ផូរផង់របស់ដូនតា ដែលបង្ហាញពីគុណធម៌ មេត្តាធម៌ និងករុណាធម៌នៃដូនតាខ្មែរ។ សូមកុំយកបាយបិណ្ឌមកធ្វើជាបាយបាត្រ សូមកុំប្រមាថដូនតាខ្មែរ៕







