FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វត្តព្រះវិហារធំសសរ១០០ ស្អិតស្អាងទទួលពុទ្ធបរិស័ទប្រារព្ធបុណ្យ​កាន់​បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

27-09-2026 14:25

(ក្រចេះ)៖ ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យដ៏ធំ​មួយរបស់ប្រជាពលរដ្ឋខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនា បានចូលមក​ដល់​ហើយនៅថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។

តាមទីអារាមនានា ត្រូវបានរៀបចំតុបតែងលំអទីធ្លា រៀបចំទីសក្ការៈបូជា និង​កន្លែងពូនភ្នំខ្សាច់ជាដើម។ នៅវត្តព្រះវិហារធំសសរ១០០​ ជា​វត្ត​ដ៏​ចំណាស់​មួយ​នៅ​ប្រទេស​កម្ពុជា ​ស្ថិត​នៅ​​ស្រុក​សំបូរ ចម្ងាយ​ប្រហែល​៣៦គីឡូម៉ែត្រ ភាគខាងជើង​ទី​រួម​ខេត្ត​ក្រចេះ​ ក៏បានរៀបចំតុបតែងលំអទីធ្លាវត្ត កន្លែងពូ​ន​ភ្នំខ្សាច់ និងទីសក្ការៈបូជានានា ដើម្បីជាទីជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ្ទទៅ​រៀប​ចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

វត្តព្រះវិហារ​ធំ​សសរ១០០ ត្រូវបាន​សាងសង់ឡើង​នៅ​ចំ​ទីតាំង​របស់​រាជវាំង​នគរ​​ស​ម្ភ​បុ​រៈ នៃ​អាណាចក្រ​ចេនឡា​។ វត្តព្រះវិហារ​ធំ​សសរ១០០ ត្រូវបាន​សាង​ស​ង់ឡើងតាំងពី​សតវត្សរ៍ទី១៦ ក្នុងរជ្ជ​កាល​ព្រះបាទច័ន្ទរាជា។
ទីអា​រាម​ដ៏ចំណាស់នេះ ជាទីបូជនីយដ្ឋានមួយដែលប្រជាពុទ្ធបរិស័ទ​ជិត​ឆ្ងាយតែងគោរពបូជាប្រកបដោយសទ្ធាជ្រះថ្លា និងភ្ជាប់​មកនូវ​ជំនឿ​ផ្សេ​ងៗ​ផងដែរ។

ក្រៅពីការគោរពបូជាហើយនោះ វត្តព្រះវិហារធំ​សសរ​១០០ ក៏ជាកន្លែងអន្ទង​ទង​ចិត្ត​អ្នកទេសចរជិតឆ្ងាយឱ្យទៅលេង​កម្សាន្ត​កម្រនឹងរំលងនៅពេលពួក​គេ​ទៅ​ដល់​ទឹកដីខេត្តក្រចេះ។

ព្រះសិរី​សម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជា​គណៈ​កិត្តិយសនៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ ព្រះអនុគណ​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ និងព្រះចៅអធិការវត្ត​ព្រះ​វិ​ហារ​ធំសសរ១០០ បានមានសង្ឃដីកាឱ្យដឹងថា ក្នុងឱកាសបុណ្យកាន់​បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ វត្ត​ព្រះ​វិ​ហារ​ធំសសរ១០០ តែងមានប្រជាពុទ្ធ​បរិ​ស័ទចំណុះជើងវត្ត និងអញ្ជើញពីជិតឆ្ងាយនានា យកចង្ហាន់ប្រគេនព្រះ​សង្ឃ និងឧទ្ទេសមហាកុសលជូនដល់បុព្វការីជន។ បន្ថែមពីលើនោះ ប្រជា​ពុទ្ធបរិស័ទក៏តែងឆ្លៀតបូជាផ្ញាភ្ញី ទៀនធូប ដល់ព្រះ​នាង​ក្រពុំ​ឈូក ក៏ដូចជាបួងសួងតាមប្រាថ្នា និងជំនឿរៀងៗខ្លួន។

បើតាមព្រះសិរី​សម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំវត្ត​ព្រះ​វិ​ហារ​ធំសសរ១០០ តែងតែជាទីជ្រះថ្លាសម្រាប់ប្រជាពលរដ្ឋដ៏ច្រើ​ន​កុះករអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។

សូមបញ្ជាក់ថា វត្តព្រះ​វិហារ​​ធំ​​​សសរ​១០០ ត្រូវបានសាងសង់លើក​ដំបូងក្នុងសតវត្សរ៍ទី១៦ ដោយព្រះបាទចន្ទរាជា។ ក្នុងវត្តនេះ មានព្រះ​រាជ​ចេតិយ​ដែល​កសាង​ឡើង​​ដោយព្រះបាទ​ចន្ទ​រាជា​នៅក្នុង​ឆ្នាំ​១៥២៩ ពោលគឺ​មុន​ការកសាង​វត្ត​ទៅទៀត​។ ទ្រង់​បាន​បញ្ចុះ​ព្រះរាជ​អដ្ឋិធាតុ​ធីតារបស់​ព្រះអង្គ ព្រះនាម​ព្រះអង្គម្ចាស់​អនុ​ជាតិ​ក្ស​ត្រី​យ៍​វ​ភ​ក័​ក្ត្រ ឬ ព្រះ​នាង​ក្រពុំ​ឈូក តម​កបាន​បញ្ចុះ​ព្រះរាជ​អដ្ឋិធាតុ ព្រះ​ស​ត្ថា​ទី​១ ព្រះ​ជ័យជេដ្ឋា​ទី​១ ព្រះរាជ​សំភារ ចៅពញា​តូ ព្រះ​នាង​ព្រះ​ម៉ែ​យួ បុ​ប្ឋា​វ​តី និង​​ព្រះរាជវង្សានុវង្ស​ជាច្រើនអង្គ។ លុះ​មកដល់​ខែធ្នូ​ គ​.​ស ១៩៥៥ សម្ដេចព្រះឧបយុវរាជ នរោត្តម ​សីហនុ ទ្រង់​បាន​ស្ថាបនា​ព្រះ​ចេតិយ​នេះ​ជាថ្មី ហើយ​ទ្រង់​បាន​សម្ពោធ​ឆ្លង​ព្រះ​ចេតិយ​នេះ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៥៦​។​

បន្ទាប់ពី​កសាង​ចេតិយ​រួច ព្រះរាជា​បាន​ឲ្យ​គេ​សាងសង់​រោងបុណ្យ​ប្រក់​ស្បូវ​យ៉ាង​ស្រស់​ស្អា​ត់​មួយ ក្បែរ​ចេតិយ​នោះ ​ដោយមាន​សសរ​ចំនួន​១០០​ដើម​។ ក្រោយពី​សាងសង​រោងបុណ្យ​រួច ព្រះរាជា​ត្រាស់បង្គាប់​ឱ្យ​រៀបចំ​ពិធីបុណ្យ​ធំ​នៅ​ជិត​មាត់ទន្លេ ដែល​នៅ​ចម្ងាយ​ពី​ឆ្ងាយ​ពី​ព្រះ​ចេតិយ និង​រោងបុណ្យ​នេះ ដោយមាន​អ្នកចូលរួម​ច្រើន​កុះករ​។ នៅក្នុង​ពិធីបុណ្យ​នោះ ព្រះរាជា​ទ្រង់​បាន​ប្រសិទ្ធ​នាម​រោងបុណ្យ​នោះ​ថា «​ព្រះ​វិហារ​ធំ​» លុះ​ក្រោយមកទៀត ទី​អារាម​នេះ​ ក៏​ត្រូវបាន​គេ​ហៅថា «​ព្រះវិហារ​ធំ​សសរ​១០០»​។

រយៈពេល​១០០​ឆ្នាំ​ក្រោយមក ព្រះវិហារ​ដែលមាន​ដំបូល​ប្រក់​ស្បូវ ត្រូវ​បាន​បំផ្លាញ​ដោយ​រន្ទះភ្លើង​បាញ់ ដែល​បានធ្វើ​អោយសសរ​២៨​ដើម​ឆេះ​អស់ ហើយ​នៅសល់​សសរ​តែ​៧២ ដើម​ប៉ុណ្ណោះ ហើយ​ព្រះ​ពុទ្ធបដិមា​ប្រលាក់​ដោយ​ផ្សែងភ្លើង​។

ដោយសារ​គ្រោះធម្មជាតិ​នេះ ប្រជាជន​នៅ​ទី​នោះបាន​ស្ថាបនា​ព្រះវិហារ​នេះ​ឡើងវិញ ប៉ុន្តែ​មាន​សសរ​តែ​៧២​ដើម​ទេ​។ រហូតមកដល់​ឆ្នាំ​១៩៧៨ ព្រះវិហារ​សសរ​១០០ ត្រូវបាន​រុះរើ ហើយ​សាងសង់​ឡើងវិញ ដោយមាន​បណ្ដោយ​៣៥​ម៉ែត្រ ទទឹង​១៨​ម៉ែត្រ មាន​កម្ពស់ ២៣​ម៉ែត្រ និង​សសរ​១១៦​ដើម​។ ព្រះវិហារ​ថ្មី​ត្រូវបាន​ស្ថាបនា​រួចរាល់​ និង​បញ្ចុះ​សីមា​នៅ​ថ្ងៃទី​១៤ មករា ១៩៩៨​។​ បច្ចុប្បន្ន​​ព្រះវិហារ ​នេះ​​​មាន​សសរ​ស៊ីម៉ងត៍ សុទ្ធ​ចំនួន​១១៦​ដើម​៕