FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលចុះពិនិត្យ ព្យាបាលជំងឺ និងអប់រំសុខភាពជូនពលរដ្ឋដោយឥតគិតថ្លៃនៅខេត្តស្វាយរៀង

27-09-2026 14:09

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋចំនួន ៨ពាន់នាក់ ស្ថិតនៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនចំពោះអង្គពិធីទាំងមូលផងដែរដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលលរដ្ឋទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា នៅក្នុងក្របខណ្ឌនៃការអភិវឌ្ឍប្រទេស សុខភាពប្រជាពលរដ្ឋគឺជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍមូលធនមនុស្ស។ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដោយផ្អែកលើប្រព័ន្ធសសរស្ដម្ភធំៗចំនួន២ គឺ៖

ទី១. ប្រព័ន្ធជំនួយសង្គម៖ ផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ និងការគាំទ្រផ្ទាល់ដល់គ្រួសារក្រីក្រ ស្រ្តីមានផ្ទៃពោះ កុមារតូច និងជនរងគ្រោះដោយវិបត្តិផ្សេងៗ។

*២. របបសន្តិសុខសង្គម៖ គ្រប់គ្រងដោយ ប.ស.ក. (បេឡាជាតិសន្តិសុខសង្គម) រួមមាន របបហានិភ័យការងារ របបថែទាំសុខភាព និងរបបប្រាក់សោធននិវត្តន៍ សម្រាប់កម្មករ-និយោជិត និងមន្ត្រីសាធារណៈ។

សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមរបស់ លោក ហ៊ុន ម៉ានី ព្រមទាំងការដឹកនាំយ៉ាងសកម្មរបស់ ឯកឧត្តម លេង ផាលី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងជំនាញវិជ្ជាជីវៈ ចុះបម្រើប្រជាពលរដ្ឋដោយស្មារតីមនុស្សធម៌ និងបណ្តុះស្មារតី "រួមគ្នាថែរក្សាសុខភាពប្រជាពលរដ្ឋ"។

សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗចំនួន ៤ចំណុច ដល់អង្គពិធី រួមមាន៖

*១. ជូនចំពោះប្រជាពលរដ្ឋ៖ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព រក្សាអនាម័យ បរិភោគអាហារមានសុវត្ថិភាព និងប្រញាប់ទៅពិនិត្យសុខភាពនៅពេលមានរោគសញ្ញាមិនប្រក្រតី។
*២. ជូនចំពោះអាជ្ញាធរដែនដី៖ បន្តសហការជិតស្និទ្ធជាមួយក្រុមគ្រូពេទ្យ និងស្ថាប័នសុខាភិបាល ដើម្បីសម្របសម្រួលការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព។
*៣. ជូនចំពោះយុវជន និងសាធារណជន៖ ចូលរួមលើកកម្ពស់វប្បធម៌ស្ម័គ្រចិត្ត និងការជួយគ្នាក្នុងសង្គម។
*៤. ការងារបោះឆ្នោត៖ សូមប្រជាពលរដ្ឋអញ្ជើញទៅត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោះ ត្រៀមខ្លួនចូលរួមបោះឆ្នោតនាពេលខាងមុខ និងគាំទ្រគណបក្សប្រជាជនកម្ពុជា៕