FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ ចូលរួមពិធីកាន់បិណ្ឌវេនទី១ នៅវត្តភ្នំហាន់ជ័យ

27-09-2026 13:51

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ នាំយកទេយ្យវត្ថុ ចង្ហាន់ និងបច្ច័យ ទៅប្រគេនព្រះសង្ឃ និងចូលរួមជាមួយពុទ្ធបរិស័ទ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តចន្ទគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ រដ្ឋបាលខេត្តកំពង់ចាម បាននាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខប្រគេនព្រះសង្ឃ រួមមាន អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ទឹកត្រី ៥កេស ទឹកស៊ីអ៊ីវ ៥កេស មី ៥កេស ទឹកដោះគោ ១កេសធំ ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម ព្រមទាំងបច្ច័យជាថវិកាមួយចំនួនផងដែរ ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។

ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងភាពសប្បាយរីករាយ ដើម្បីចូលរួមថែរក្សាប្រពៃណី និងទំនៀមទម្លាប់ព្រះពុទ្ធសាសនា ព្រមទាំងបន្តអនុវត្តវប្បធម៌ដ៏ល្អប្រពៃរបស់ប្រជាជនខ្មែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ការចូលរួមរបស់ថ្នាក់ដឹកនាំខេត្ត គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យសាសនា និងការលើកកម្ពស់តម្លៃវប្បធម៌ជាតិ។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណី និងព្រះពុទ្ធសាសនាដ៏សំខាន់មួយរបស់ប្រជាជនកម្ពុជា ដែលតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋខ្មែរនៅគ្រប់មជ្ឈដ្ឋាន តែងធ្វើដំណើរពីទីជិតទីឆ្ងាយទៅជួបជុំក្រុមគ្រួសារ និងសាច់ញាតិនៅស្រុកកំណើត ដើម្បីរៀបចំចង្ហាន់ និងទេយ្យវត្ថុយកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា។ ការប្រតិបត្តិទំនៀមទម្លាប់នេះ ត្រូវបានប្រជាជនខ្មែរអនុវត្ត និងបន្តផ្សព្វផ្សាយតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ ដើម្បីរក្សាប្រពៃណី វប្បធម៌ និងសាសនាដ៏ល្អប្រពៃរបស់ជាតិឱ្យបានគង់វង្សជានិរន្តរ៍៕