ក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
27-09-2026 13:38
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យចូលរួមយ៉ាងសកម្មក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៦ ដែលបានចាប់ផ្តើមពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ ការអំពាវនាវនេះ ក្នុងគោលបំណងថែរក្សាអនាម័យ បរិស្ថាន បង្កើនភាពស្អាតនៅតាមសហគមន៍ និងលើកកម្ពស់សុខភាពសាធារណៈ។
ក្នុងពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះ ដែលមានរយៈពេលសរុប ១៥ថ្ងៃ ក្រសួងបរិស្ថាន តាមរយៈអ្នកនាំពាក្យ បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធ និងសាធារណជន ឱ្យចូលរួមអនុវត្តសកម្មភាពដើម្បីភាពស្អាត ភាពបៃតងនៅកម្ពុជា។ សកម្មភាពទាំងនោះរួមមាន ការរៀបចំ និងទុកដាក់សំរាម សំណល់រឹង ឱ្យបានស្អាត ពេលទៅវត្តអារាម ឬទីតាំងកម្សាន្តផ្សេងៗ ព្រមទាំងថែរក្សាអនាម័យនៅតាមទីវត្តអារាម និងរមណីយដ្ឋានសាធារណៈ ដើម្បីធានាបាននូវមូលដ្ឋាន វត្តអារាម និងបរិស្ថានស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក។
ជាមួយគ្នានេះ ក្រសួងក៏បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឬសម្ភារៈប្លាស្ទិកប្រើបានម្តង និងបន្តអនុវត្តតាមគោលការណ៍ 4Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃ)។ អាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ក៏បានរៀបចំក្រុមសំអាតអនាម័យ និងផ្សព្វផ្សាយបញ្រ្ជាបចំណេះដឹងដល់ប្រជាពលរដ្ឋឱ្យចូលរួមសំអាតអនាម័យបរិស្ថាន និងទុកដាក់សំរាមត្រឹមត្រូវនៅតាមធុងសំរាម។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងកាលពីពេលថ្មីៗនេះថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋ គឺជាការងារអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកក្នុងចំណោមយុវជនជំនាន់ក្រោយ ដើម្បីសហគមន៍ស្អាត បឹងបួរស្អាត និងតំបន់ធនធានធម្មជាតិគ្មានការបំពុលពីសំណល់សំរាម-ប្លាស្ទិក។ ដូច្នេះ ការចូលរួមពីប្រជាពលរដ្ឋក្នុងការប្រមូលទុកដាក់សំណល់ និងញែកឱ្យបានត្រឹមត្រូវ គឺជាកត្តាចាំបាច់ដើម្បីសម្រេចបាននូវគោលដៅបរិស្ថានស្អាត និងនិរន្តរភាព៕








