អភិបាលស្រុកស្ទោង បញ្ជាដាច់ខាតឱ្យអាជ្ញាធរពាក់ព័ន្ធចុះកាយបើកលូ ដើម្បីរំដោះទឹកជំនន់បន្ទាន់
27-09-2026 13:09
(ខេត្តកំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានចេញបញ្ជាដាច់ខាតដល់គ្រប់បណ្ដាឃុំពាក់ព័ន្ធ ត្រូវចុះកាយបើកលូដែលអសកម្ម ដើម្បីរំដោះនិងបញ្ចៀសទឹកជំនន់ដែលកំពុងយាយីក្នុងមូលដ្ឋាន។
ការបញ្ជានេះធ្វើឡើងក្នុងឱកាសដែលលោក និងសហការីបានចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមដងស្ទឹងស្ទោង ចាប់ពីឃុំម្សាក្រង ដល់ឃុំបន្ទាយស្ទោង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។
លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា អាជ្ញាធរភូមិ ឃុំ និងគ្រប់អ្នកពាក់ព័ន្ធត្រូវចុះផ្ទាល់ដល់ទីតាំងមូលដ្ឋាន ជាពិសេសត្រូវធានាថាគ្រប់លូបង្ហូររំដោះទឹកទាំងអស់កំពុងដំណើរការសកម្ម។ ប្រសិនបើមានការកកស្ទះ ត្រូវធ្វើការកាយបើកឱ្យមានដំណើរការឡើងវិញជាបន្ទាន់ ដើម្បីធានាការរំដោះទឹកជំនន់ដែលកំពុងបន្តជន់លិចស្រុកស្ទោង ក្នុងស្ថានភាពដែលស្ទឹងស្ទោងបន្តទទួលរងទឹកភ្លៀងផ្នែកខាងលើ និងឥទ្ធិពលព្យុះ។
ទន្ទឹមនឹងនេះ លោក សាយ គឹមឡម ក៏បានណែនាំឱ្យអាជ្ញាធរភូមិ ឃុំ ត្រូវធ្វើរបាយការណ៍បច្ចុប្បន្នភាពអំពីផលប៉ះពាល់លើស្រែចម្ការ ផ្ទះសម្បែង និងការខូចខាតសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្លូវលំ ផ្លូវថ្នល់គ្រប់ប្រភេទ និងធ្វើការសិក្សារំដោះជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលបានជួយអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រថ្មីៗ ដែលកំពុងសកម្មក្នុងការបង្វែរ និងរំដោះទឹកជំនន់មិនឱ្យជន់លិចដល់ទីរួមស្រុកស្ទោង។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលស្រុកបានអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសពលរដ្ឋនៅតាមដងស្ទឹងស្ទោង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពទឹកជំនន់ និងកុំបណ្ដោយឱ្យកុមារលេងទឹកផ្ដេសផ្ដាស ជាពិសេសត្រូវឱ្យនៅផ្ទះជាមួយមនុស្សចាស់ ដើម្បីធានាសុវត្ថិភាពពីការលង់ទឹកជាយថាហេតុ។ ការអនុវត្តតាមការណែនាំទាំងនេះ គឺដើម្បីរួមគ្នាទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ឱ្យបានជាអតិបរមា៕















