មន្ដ្រីជាន់ខ្ពស់សុខាភិបាល អំពាវនាវឱ្យបន្តលើកកម្ពស់នវានុវត្តន៍ ឧត្តមភាពវិជ្ជាជីវៈ និងសុវត្ថិភាពអ្នកជំងឺ ក្នុងវិស័យសល្យសាស្ត្រឆ្អឹង និងបាក់បែក
27-09-2026 13:06
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានថ្លែងថា សល្យសាស្ត្រឆ្អឹង និងបាក់បែក គឺជាផ្នែកដ៏សំខាន់នៃប្រព័ន្ធសុខាភិបាល ដោយជំងឺឆ្អឹង ការបាក់បែក និងការរងរបួសនៃប្រព័ន្ធចលនា អាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព សមត្ថភាពធ្វើការ ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះការអភិវឌ្ឍសមត្ថភាពអ្នកជំនាញក្នុងវិស័យនេះ គឺមានសារៈសំខាន់ សម្រាប់ការឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាជន។
ឆ្លៀតក្នុងឱកាសនោះលោកសាស្ដ្រាចារ្យបាន អំពាវនាវឱ្យសមាជិកវិជ្ជាជីវៈទាំងអស់បន្តរួមគ្នាលើកកម្ពស់ ចំណេះដឹង ជំនាញ សីលធម៌វិជ្ជាជីវៈ គុណភាព និងសុវត្ថិភាពអ្នកជំងឺ ដើម្បីឱ្យការរីកចម្រើននៃសល្យសាស្ត្រឆ្អឹង និងបាក់បែក ក្លាយជាកម្លាំងសំខាន់មួយក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។
ការអំពាវនាវយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី២២ របស់សមាគមសល្យសាស្ត្រកម្ពុជាផ្នែកជំងឺឆ្អឹង និងបាក់បែកឆ្អឹង (CSOT) នៅសណ្ឋាគារសុខា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានការចូលរួមពីវាគ្មិនអន្តរជាតិល្បីៗចំនួន១០នាក់ វាគ្មិនជាតិ២០នាក់ និងអ្នកចូលរួមសរុបប្រមាណ២៥០នាក់។
ជាមួយគ្នានោះលោកក៏បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ CSOT ដែលបានបន្តរួមចំណែកក្នុងការអភិវឌ្ឍវិស័យសល្យសាស្ត្រឆ្អឹង និងបាក់បែក តាមរយៈការបណ្តុះបណ្តាល ការស្រាវជ្រាវ ការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ។
សម្រាប់ពាក់ព័ន្ធនឹងប្រធានបទ «នវានុវត្តន៍ និងឧត្តមភាព ក្នុងការព្យាបាល និងការថែទាំជំងឺ និងបាក់បែកឆ្អឹងនៅកម្ពុជា» លោកសាស្ត្រាចារ្យបានលើកឡើងថា «នវានុវត្តន៍ មិនមែនមានន័យត្រឹមតែការប្រើប្រាស់បច្ចេកវិទ្យា ឬឧបករណ៍ថ្មីៗនោះទេ ប៉ុន្តែរួមមានការគិតថ្មី វិធីសាស្ត្រថ្មី ការអនុវត្តផ្អែកលើភស្តុតាង និងការស្វែងរកវិធីដែលល្អប្រសើរជាងមុនសម្រាប់អ្នកជំងឺ។ ចំណែកឯ ឧត្តមភាពវិជ្ជាជីវៈ គឺជាការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងមនុស្សធម៌»។
ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យបានលើកទឹកចិត្តឱ្យសន្និសីទនេះក្លាយជាវេទិកាសម្រាប់ ការពិភាក្សា ការសួរ-ឆ្លើយ ការផ្លាស់ប្តូរបទពិសោធន៍ និងការបង្កើតគំនិតថ្មីៗ ដែលអាចយកទៅអនុវត្តជាក់ស្តែងក្នុងការថែទាំអ្នកជំងឺ មិនមែនត្រឹមតែជាវេទិកាសម្រាប់ការបង្ហាញចំណេះដឹងប៉ុណ្ណោះទេ។
ព្រមជាមួយគ្នានេះលោកសាស្ត្រាចារ្យបានផ្តល់សារសំខាន់ដល់ គ្រូពេទ្យឯកទេសវ័យក្មេង វេជ្ជបណ្ឌិតកំពុងបន្តការសិក្សា និងអ្នកស្រាវជ្រាវ ឱ្យបន្តអភិវឌ្ឍខ្លួនតាមរយៈការរៀនសូត្រជាបន្តបន្ទាប់ ការអនុវត្តជាក់ស្តែង និងការប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវចំពោះអ្នកជំងឺ។
លោកសាស្ត្រាចារ្យបានសង្កត់ធ្ងន់ថា ការរីកចម្រើននៃវិស័យសល្យសាស្ត្រឆ្អឹង និងបាក់បែក មិនអាចពឹងផ្អែកលើស្ថាប័ន ឬបុគ្គលណាមួយតែឯងបានឡើយ ប៉ុន្តែត្រូវការកិច្ចសហការរវាងសមាគមវិជ្ជាជីវៈ ស្ថាប័នបណ្តុះបណ្តាល មន្ទីរពេទ្យ អ្នកជំនាញ និងដៃគូជាតិ-អន្តរជាតិ ដើម្បីពង្រឹងការបណ្តុះបណ្តាល ការស្រាវជ្រាវ ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍសេវាសុខាភិបាល។
ជាទីបញ្ចប់លោកបានថ្លែងអំណរគុណចំពោះ សមាគមសល្យសាស្ត្រកម្ពុជាផ្នែកជំងឺ និងបាក់បែកឆ្អឹង (CSOT) គណៈកម្មការរៀបចំ វាគ្មិនជាតិ និងអន្តរជាតិ ដៃគូសហការ និងសមាជិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសន្និសីទដ៏មានសារៈសំខាន់នេះ អាចប្រព្រឹត្តទៅបាន។ លោកសង្ឃឹមថាសន្និសីទប្រចាំឆ្នាំលើកទី២២នេះ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយនឹងផ្តល់នូវចំណេះដឹង បទពិសោធន៍ និងកិច្ចសហប្រតិបត្តិការថ្មីៗ ដែលអាចរួមចំណែកដល់ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា៕


















