ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ប្រកាសពីការចាប់ផ្តើមទទួលពាក្យស្នើសុំបំពេញកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦
27-09-2026 12:18
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រកាសឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា៖ «បងប្អូនប្រជាពលរដ្ឋនិងយុវជនយុវនារីជាទីស្រឡាញ់រាប់អាន! ក្នុងនាមក្រសួងការពារជាតិនិងគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ខ្ញុំសូមជម្រាបជូនបងប្អូនយុវជនថាព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្ដើមដំណើរការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា។
រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូងគឺសំដៅកសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាពនិងវិន័យដែលជាតម្រូវការរបស់ជាតិ។
សូមបងប្អូនយុវជន តាមដានសេចក្តីជូនដំណឹងផ្លូវការ ដើម្បីស្វែងយល់អំពីលក្ខខណ្ឌឯកសារដែលត្រូវត្រៀម និងជំហានបន្តបន្ទាប់នៃការដាក់ពាក្យ។
បងប្អូនប្រជាពលរដ្ឋ និងយុវជនយុវនារីជាទីស្រឡាញ់រាប់អាន!
ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងបរិបទដែលសង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័សប្រទេសជាតិចាំបាច់ត្រូវមានកម្លាំងដែលទទួលបានការហ្វឹកហ្វឺន មានចំណេះដឹងជំនាញមានវិន័យ និងសមត្ថភាពធានា ដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដីប្រជាជន និងសុខសន្តិភាព។
ប្រទេសជាតិ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំងធនធានមនុស្សប្រកបដោយគុណភាពការអនុវត្តកាតព្វកិច្ចយោធា និងផ្តល់នូវចំណេះដឹងវិន័យស្មារតីជួយគ្នាការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួនដែលអាចចូលរួមចំណែកក្នុងការបម្រើជាតិមាតុភូមិនៃយើង។
ការចូលរួមហ្វឹកហាត់នឹងធ្វើឱ្យយុវជនពង្រឹងកម្លាំងកាយចិត្តគំនិតវិន័យប្រកបដោយជំនាញបទពិសោធន៍អាចបង្កើនភាពជឿជាក់មានទំនុកចិត្តកាន់តែប្រសើរមានមូលដ្ឋានល្អសម្រាប់ការសិក្សាការងារ និងជីវិតក្រោយពេលបញ្ចប់ការអនុវត្តកាតព្វកិច្ចយោធានេះ។
ខ្ញុំសូមអំពាវនាវដល់មាតា បិតា អាណាព្យាបាល និងប្រជាពលរដ្ឋទាំងអស់ចូលរួម គាំទ្រផ្ដល់កម្លាំងចិត្ត និងជួយឱ្យយុវជនយល់ច្បាស់អំពីគោលបំណងនៃការអនុវត្តច្បាប់នេះ។
ការគាំទ្ររបស់ក្រុមគ្រួសារ និងសង្គមមានសារៈសំខាន់បំផុតចំពោះការត្រៀមខ្លួនរបស់យុវជន។ ដំណើរការជ្រើសរើសត្រូវអនុវត្តតាមលក្ខខណ្ឌ និងនីតិវិធីដែលបានកំណត់ប្រកបដោយតម្លាភាព និងស្មើភាព។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់មានសុខភាពល្អសេចក្តីសុខ និងជោគជ័យក្នុងភារកិច្ចរៀងៗខ្លួន។ សូមឱ្យយុវជនកម្ពុជាបន្តរីកចម្រើនដោយចំណេះដឹងវិន័យ និងឆន្ទៈមោះមុតក្នុងការចូលរួមកសាង និងការពារមាតុភូមិរបស់យើង»៕



