លោក ចៅ តុល រំលេចពីសមិទ្ធផលរបស់រដ្ឋាភិបាលជូនពលរដ្ឋនៅភូមិចាមលើ និងចាមក្រោម និងរម្លឹកអាជ្ញាធរបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីទប់ស្កាត់បទល្មើសនានា
27-09-2026 11:40
(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកោះធំ ខេត្តកណ្តាល (ទទួលបន្ទុកចុះជួយឃុំព្រែកថ្មី) បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិចាមលើ និងចាមក្រោម នៅឃុំព្រែកថ្មី ដោយបានលើកឡើងពីសមិទ្ធផលនានាដែលបានកសាងឡើងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងរម្លឹកដល់អាជ្ញាធរមូលដ្ឋានបន្តចុះពង្រឹង និងអនុវត្តនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីផ្តល់សុខសុវត្ថិភាពបន្ថែមដល់ប្រជាជន ត្រូវទប់ស្កាត់បាននូវបទល្មើសនានា ក្នុងមូលដ្ឋានដូចជាបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង ឱ្យបានទាន់ពេលវេលា និងមានវិធានការចុះអប់រំផ្សព្វផ្សាយជាប្រចាំផងដែរ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លឹម ឡេង ប្រធានក្រុមការងារគណបក្សឃុំព្រែកថ្មី នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំព្រែកថ្មី ព្រមទាំងប្រធានក្រុមប្រឹក្សាស្រុក សមាជិក-សមាជិកា រួមជាមួយយុវជនជាច្រើនរយនាក់។
នៅក្នុងឱកាសនោះ លោក ចៅ តុល បានបង្ហាញពីការរីកចម្រើនជាច្រើននៅជុំវិញវិហារឥស្លាមនៅភូមិចាមលើ រួមមានការកសាងអគារវេសនដ្ឋាន ការរៀបឥដ្ឋការ៉ូឡា ខ្លោងទ្វាវិហារ ការពង្រីកផ្លូវបេតុង និងការស្ថាបនាច្រាំងទន្លេក្រោយវិហារ។ សមិទ្ធផលទាំងនេះបានបង្កើនសោភ័ណភាព និងផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមទូទាំងស្រុកកោះធំ។
ជាមួយគ្នានេះ លោក ចៅ តុល ក៏បានរម្លឹកដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ពិនិត្យឯកសារដែលពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីធានាថាពួកគាត់មានសិទ្ធិពេញលេញក្នុងការចូលរួមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំនាពេលខាងមុខ ដោយរម្លឹកដល់ប្រជាពលរដ្ឋឱ្យពិនិត្យឯកសារដែលបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២៧ ខាងមុខ។
លោក ចៅ តុល ក៏បានសង្កត់ធ្ងន់ថា ការចូលរួមបោះឆ្នោតគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ។
លោក ចៅ តុល បានបន្តថា សមិទ្ធផលទាំងអស់នេះកើតឡើងបានដោយសារសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងការរីកចម្រើនរបស់ប្រជាពលរដ្ឋគ្រប់រូប។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់។
លោកក៏បានបន្ថែមថា នៅពេលដែលប្រទេសមានស្ថេរភាពគ្រប់គ្រាន់ នោះក៏ធ្វើឱ្យគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនដូចគ្នា៕






























