FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមរភូមិក្រោយ គាំទ្រនិងផ្ដល់កម្លាំងចិត្តសមរភូមិមុខ, លោក គង់ វិបុល ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពការពារព្រំដែនខេត្តពោធិ៍សាត់ នារដូវភ្ជុំបិណ្ឌ!

27-09-2026 08:09

(ពោធិ៍សាត់)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយដ៏ថ្លៃថ្លាដែលជាថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ទៅចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក និងកងការពារព្រំដែនគោកលេខ ៥០១។

ពិធីចែកអំណោយនេះធ្វើឡើងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងប្រចាំការការពារខ្សែបន្ទាត់ព្រំដែនទិសខេត្តពោធិ៍សាត់។ អំណោយទាំងនេះ គឺជាការរួមចំណែកដ៏សប្បុរសធម៌របស់អគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុនវឌ្ឍនៈគ្រុប តាមរយៈការងារសម្ព័ន្ធមេត្រីភាពរវាងអគ្គនាយកដ្ឋានពន្ធដារ និងបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក និងកងការពារព្រំដែនគោកលេខ៥០១។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការនៃបញ្ជាការដ្ឋានរថក្រោះ ឧត្តមសេនីយ៍ឯក ថោង ថាវរិន្ទ មេបញ្ជាការរងកងទ័ពជើងគោក ប្រធានគណៈបញ្ជាការទិសខេត្តពោធិ៍សាត់ យោធភូមិភាគទី៥ លោក សម ណារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក ចាន់ ប៊ុនឌី មេបញ្ជាការកងការពារព្រំដែនគោកលេខ៥០១ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ។

លោករដ្ឋមន្ត្រីប្រតិភូ បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ និងបានថ្លែងនូវការកោតសរសើរ ព្រមទាំងសម្ដែងនូវកតញ្ញូតាធម៌ដឹងគុណដ៏ជ្រាលជ្រៅ ចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់របស់កងទ័ព ប្រកបដោយឆន្ទៈមោះមុតបំផុត ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ការពារជាតិមាតុភូមិ និងប្រជាជន។

លោករដ្ឋមន្ត្រីប្រតិភូ បានសង្កត់ធ្ងន់ថា ការលះបង់កម្លាំងកាយចិត្ត ក្នុងការការពារបូរណភាពទឹកដី របស់កងទ័ពរបស់យើងនិយាយជារួម និងនិយាយដោយឡែក បងប្អូនកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក និងកងការពារព្រំដែនគោកលេខ ៥០១នេះ អគ្គនាយកដ្ឋានពន្ធដារ ដែលជាសមរភូមិក្រោយ មិនដែលបំភ្លេចកងទ័ពរបស់យើងនៅសមរភូមិមុខការពារទឹកដី មួយវិនាទីណាឡើយ៕