អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការស្តារប្រឡាយរំដោះទឹកអមសងខាងផ្លូវជាតិលេខ៥៧
26-09-2026 22:19
(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពការស្តារប្រឡាយរំដោះទឹកអមសងខាងផ្លូវជាតិលេខ៥៧ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីពន្លឿនការរំដោះទឹក និងបង្ការការជន់លិចក្នុងរដូវវស្សា។
ការចុះពិនិត្យនេះធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបានចាក់ដីលុបប្រឡាយ ដើម្បីធ្វើផ្លូវចូលផ្ទះ ដោយមិនបានដាក់លូសម្រាប់បង្ហូរទឹក បណ្តាលឱ្យប្រឡាយមួយចំនួនមានសភាពតូចចង្អៀត រាក់ និងស្ទះទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំង។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ការស្តារប្រឡាយរំដោះទឹកឡើងវិញ គឺមានសារៈសំខាន់ក្នុងការបញ្ចៀសជំនន់ទឹកភ្លៀង កាត់បន្ថយការខូចខាតផ្លូវ និងសម្រួលដល់ការធ្វើដំណើរ ព្រមទាំងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៥៧។
លោកស្រីអភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវសាធារណៈ បញ្ឈប់ការចាក់ដីលុបចំណីផ្លូវ និងប្រឡាយរំដោះទឹក ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឱ្យការស្តារប្រឡាយប្រព្រឹត្តទៅដោយរលូន និងស្របតាមលក្ខណៈបច្ចេកទេស។
ជាមួយគ្នានេះ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕









