មន្ដ្រីជាន់ខ្ពស់សុខាភិបាល ស្នើឱ្យគ្រូពេទ្យទាំងអស់បន្ដអភិវឌ្ឍចំណេះជំនាញ ដោយផ្សារភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាគ្រប់ពេលវេលា ដើម្បីសុវត្ថិភាព និងជំនឿទុកចិត្ដខ្ពស់ជូនប្រជាជន
26-09-2026 21:17
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ប្រធានកម្មវិធីជាតិវះកាត់ សម្ភព និង សណ្តំ (NSOAP) និងជាប្រធានក្រុមប្រឹក្សាគណគ្រូពេទ្យជាតិ បានថ្លែងថា ទោះបច្ចេកទំនើប មានចំណេះជំនាញ និងបទពិសោធន៍ច្រើនយ៉ាងក៏ដោយ ក្នុងនាមគ្រូពេទ្យត្រូវតែអនុវត្ដ និងប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ ទើបការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាជន។
ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសតំណាងលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បើកដំណើរការជាផ្លូវការនូវសិក្ខាសាលាស្តីពីការគ្រប់គ្រងការឈឺចាប់ជាមូលដ្ឋាន ឆ្នាំ២០២៦ នាថ្ងៃទី២៦ ខែកញ្ញា ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ង៉ែត ប៉ាធី ប្រធានសមាគមសណ្ដំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់, លោកស្រីសាស្ត្រាចារ្យ Mary Suma Cardosa, Presisdent Elect of International Association Study of Pain (IASP), លោកស្រីសាស្ត្រាចារ្យ Fiona Blyth, Professor of Public Health and Pain Medicine at the University of Sydney & International Association Study of Pain councilor and liaison to ASEAN region, សាស្ត្រាចារ្យទីប្រឹក្សា សមាជិក សមាជិកា វាគ្មិន សិក្ខាកាមជាតិនិងអន្តរជាតិ។
លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ការឈឺចាប់ ជារោគសញ្ញាដែលអាចកើតឡើងរួមជាមួយនឹងជំងឺជាច្រើន ក្នុងអំឡុងពលដែលជំងឺមិនឆ្លងកំពុងតែកើតឡើង ដែលជំងឺទាំងនេះអាចឱ្យអ្នកជំងឺមានការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត សមត្ថភាពការងារ ទំនាក់ទំនងក្នុងគ្រួសារ សង្គម និងគុណភាពជីវិតរបស់អ្នកជំងឺ ជាពិសេសជំងឺមហារីក។ ការឈឺចាប់ដែលមិនត្រូវបានវាយតម្លៃ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ អាចបង្កឱ្យមានពិការភាពការឈឺរ៉ាំរ៉ៃ ការស្នាក់នៅមន្ទីរពេទ្យយូរ និងបន្ទុកសេដ្ឋកិច្ចដល់អ្នកជំងឺ គ្រួសារ និងប្រព័ន្ធសុខាភិបាល។
ដូច្នេះការគ្រប់គ្រងការឈឺចាប់របស់អ្នកជំងឺ មិនមែនតែផ្តោតលើការព្យាបាលដោយថ្នាំនោះទេ តែការព្យាបាលត្រូវផ្តោតលើកត្តា៣សំខាន់ រួមមាន ១) ការព្យាបាលផ្លូវកាយតាមរយៈការប្រើថ្នាំ ឬវិធីសាស្ត្រផ្សេងៗ, ២) ការព្យាបាលផ្លូវចិត្តរបស់អ្នកជំងឺ ការគ្រប់គ្រងភាពភ័យខ្លាច និងការផ្ដល់ទំនុកចិត្ត និង៣) កត្តាគ្រួសារ ឬសង្គមដែលអាចផ្ដល់ផលប៉ះពាល់លើអ្នកជំងឺ។
ជាងនេះទៅទៀតលោកសាស្ដ្រាចារ្យបានគូរសបញ្ជាក់ថា «ទោះយើងមានបច្ចេកទេសពូកែ មានសុវត្ថិភាព តាមវិទ្យាសាស្ដ្រនិងបច្ចេកទេស និងបទពិសោធន៍ពូកែយ៉ាងណាក៏ដោយ ប៉ុន្ដែដើម្បីឱ្យការបម្រើសេវាសុខាភិបាលមានប្រសិទ្ធភាព និងប្រជាជនមានទំនុកចិត្ដ គឺចាំបាច់ណាស់ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការគោរព និងអនុវត្ដក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន នៅក្នុងខ្លួនរបស់យើង និងជាត្រីវិស័យ ។ដូច្នេះចំណេះជំនាញ ត្រូវតែផ្សារភ្ជាប់ទៅនឹងក្រមសីលធម៌វិជ្ជាជីវៈ»។
ឆ្លៀតក្នុងឱកាសនេះលោកសាស្ដ្រាចារ្យ សូមលើកទឹកចិត្ដដល់សមាគម សណ្ដំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ ត្រូវមានការពិភាក្សា និងក្រើនរម្លឹក រួមទាំងពិចារណាពីការវិវឌ្ឍ និងបន្ដបណ្ដុះបណ្ដាលចំណេះជំនាញ ដោយផ្សារភ្ជាប់ជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈ ជូនដល់សហភាតរៈទាំងអស់ទៅដល់បណ្ដាលមន្ទីរពេទ្យបង្អែកខេត្ដ-ស្រុក ឱ្យកាន់តែមានប្រសិទ្ធភាព និងទំនុកចិត្ដជូនប្រជាជនយើង។
ទន្ទឹមនឹងនោះលោកបានផ្តល់សារគន្លឹះមួយចំនួនបន្ថែមទៀតដល់អង្គសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ និងអនុវត្ត ដើម្បីប្រែក្លាយចំណេះដឹងទៅជាសកម្មភាព ផ្តល់ជាគុណប្រយោជន៍ក្នុការថែទាំប្រកបដោយគុណភាព និងមនុស្សធម៌។
ជាមួយគ្នានេះក្នុងនាមជាប្រធាន សមាគមសណ្តំ ប្រពោធនកម្ម និង សង្គ្រោះបន្ទាន់កម្ពុជា លោកវេជ្ជបណ្ឌិត ង៉ែត ប៉ាធី បានបង្ហាញពីការប្តេជ្ញាចិត្ត និងអនុវត្ត ដើម្បីឲ្យការជួបជុំនាពេលនេះ កាន់តែមានអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យវេជ្ជសាស្ត្រគ្រប់គ្រងការឈឺចាប់នៅកម្ពុជា។
ក្នុងនោះមានការឈឺចាប់ក្រោយការវះកាត់ ការឈឺចាប់រ៉ាំរ៉ៃ ពិធីសារថែទាំការឈឺចាប់ជំងឺមហារីក រហូតដល់ដំណោះស្រាយផ្នែកអន្តរាគមន៍ និងការវះកាត់កម្រិតខ្ពស់ ដែលយើងកំពុងរួមគ្នាជម្នះ និងកាត់បន្ថយឧបសគ្គទាំងនេះ។
សូមជម្រាបថាសិក្ខាសាលានេះមានរយៈពេល ៣ថ្ងៃទី២៤ -២៦ ខែកញ្ញានេះ ដែលសិក្ខាសាលាទាំងមូលត្រូវបានរៀបចំឡើងក្រោមប្រធានបទដ៏មានអត្ថន័យ៖ «Beyond the Barriers - A Multimodal Approach to Pain» (ជំនះឧបសគ្គជាមួយនឹងវិធីសាស្ត្រពហុជំនាញក្នុងការគ្រប់គ្រងការឈឺចាប់)៕







































