លោកបណ្ឌិត អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការហាឡាលឥណ្ឌូនេស៊ី និងជាប្រធានក្រុមប្រឹក្សាហាឡាលអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យហាឡាល
26-09-2026 20:32
(ម៉ាឡេស៊ី)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Ahmad Haikal Hasan ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការហាឡាល (BPJPH) នៃសាធារណរដ្ឋឥណ្ឌូនេស៊ី (ស្ថិតនៅក្រោមប្រធានាធិបតីឥណ្ឌូនេស៉ី) និងជាប្រធានក្រុមប្រឹក្សាហាឡាលអាស៊ាន (ASEAN Halal Council) ក្នុងឱកាសដែលទេសរដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហាឡាលសាកលឆ្នាំ២០២៦ (Global Halal Summit 2026) នៅប្រទេសម៉ាឡេស៉ី។
ក្នុងជំនួបពិភាក្សាការងារយ៉ាងស្និទ្ធស្នាលនេះ ភាគីទាំងពីរបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការលើវិស័យហាឡាលរវាងកម្ពុជា និងឥណ្ឌូនេស៊ី។
ក្នុងឱកាសនោះ លោក Ahmad Haikal Hasan បានឱ្យដឹងថា ក្រុមប្រឹក្សាហាឡាលអាស៊ាន ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកទប់ស្កាត់ការរីកសាយភាយនៃផលិតផលហាឡាលដែលខ្វះការត្រួតពិនិត្យច្បាស់លាស់ ព្រមទាំងរួមគ្នាកសាង និងរៀបចំលក្ខខណ្ឌបច្ចេកទេសស្តង់ដារហាឡាលឱ្យមានគុណភាព និងទំនុកចិត្តខ្ពស់ សម្រាប់ប្រជាជនអាស៊ាន និងសហគមន៍ម៉ូស្លឹមប្រើប្រាស់។
ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំកំពូលហាឡាលសាកលឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី YAB Dato' Seri Dr. Ahmad Zahid bin Hamidi បានប្រកាសអំពីបេក្ខភាពប្រធានក្រុមប្រឹក្សាហាឡាលអាស៊ាន ដោយបានតែងតាំងឯកឧត្តម Ahmad Haikal Hasan ជាប្រធាន ហើយការប្រកាសជាផ្លូវការ នឹងត្រូវរៀបចំនៅឆ្នាំ២០២៧ ខាងមុខ។ ជាមួយគ្នាដែរ ភាគីឥណ្ឌូនេស៊ីក៏បានសម្តែងក្តីសង្ឃឹម និងបានអញ្ជើញកម្ពុជាឱ្យចូលរួមជា រដ្ឋសមាជិកនៅក្នុងក្រុមប្រឹក្សាហាឡាលអាស៊ាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងជំរុញវិស័យហាឡាលផងដែរ។
បន្ថែមពីនេះ ភាគីឥណ្ឌូនេស៊ីបានគូសបញ្ជាក់អំពីទំហំទីផ្សារហាឡាលដ៏ធំធេងក្នុងតំបន់អាស៊ានទាំង ១១ ប្រទេស ដោយក្នុងនោះប្រទេសដែលនាំចេញផលិតផលហាឡាលធំៗចូលមកតំបន់អាស៊ាន រួមមាន ប្រទេសចិននាំចូលប្រមាណ ២១ ប៊ីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ប្រទេសប្រេស៊ីលនាំចូល (ជាពិសេសសាច់) ប្រមាណ ២០ ប៊ីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងសហរដ្ឋអាមេរិកនាំចូលប្រមាណ ១៩ ប៊ីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈដែលឥណ្ឌូនេស៊ីខ្លួនឯងបាននាំចេញផលិតផលហាឡាលទៅកាន់ទីផ្សារអន្តរជាតិ សរុបជាទឹកប្រាក់រហូតដល់ ៣៥៧ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ។
ជាចុងក្រោយ ក្នុងនាមជាប្រធានក្រុមប្រឹក្សាហាឡាលអាស៊ាន លោក Ahmad Haikal Hasan មានផែនការអញ្ជើញធ្វើទស្សនកិច្ចទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ានទាំង ១១ រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការហាឡាលក្នុងរដ្ឋដែលជាសមាជិកអាស៊ាន៕
