ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការលើ ជួបសំណេះសំណាលជាមួយគ្រូបង្រៀន នៃវិទ្យាល័យ តេជោ ធិបតី បុសខ្នុរ
26-09-2026 16:42
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដឹកនាំដោយលោកបណ្ឌិត ងួន វិទូ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបុសខ្នុរ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ នៃវិទ្យាល័យ តេជោ ធិបតី បុសខ្នុរ និងមានការអញ្ជើញចូលរួមពីសំណាក់ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នាយប៉ុស្តិ៍ យុវជនឃុំ យុវជនកាបាទក្រហម និងកាយរឹទ្ធិ សរុបអ្នកចូលរួម៩៦នាក់។
នៅក្នុងពិធីសំណេះសំណាលនេះ ក្រុមការងារបាននាំនូវការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានសង្កត់ធ្ងន់លើតម្លៃដ៏ឧត្តុង្គឧត្តម របស់លោកគ្រូ-អ្នកគ្រូ ដែលជា «ស្ថាបនិកដ៏សំខាន់ ក្នុងការកសាងមូលធនមនុស្ស» និងជាគំរូនាំមុខនៃសីលធម៌ គុណធម៌ នៅក្នុងសង្គម។
ជាមួយគ្នានេះ ក្រុមការងារ និងគណៈគ្រប់គ្រងសាលា បានរួមគ្នាពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល និងបានដាក់ចេញនូវទិសដៅសំខាន់ៗ រួមមាន៖
*ទី១៖ ពង្រឹងអភិបាលកិច្ច និងរបៀបរបបបំពេញការងាររដ្ឋបាល-បច្ចេកទេស ឱ្យកាន់តែមានប្រសិទ្ធភាព
*ទី២៖ ពង្រឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តកម្មវិធីសិក្សាឱ្យបានពេញលេញ ពិសេសការត្រៀមបំប៉នសមត្ថភាពដល់សិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៦-២០២៧ខាងមុខនេះ
*ទី៣៖ លើកកម្ពស់ស្មារតីសាមគ្គីភាពផ្ទៃក្នុង ដើម្បីរួមគ្នាអភិវឌ្ឍន៍សាលារៀន ឱ្យក្លាយជាថ្នាលបណ្តុះបណ្តាលប្រកបដោយគុណភាព
*ទី៤៖ បន្តជំរុញសោភ័ណភាព បរិស្ថានអនាម័យ និងគាំទ្រចលនាយុវជនឱ្យកាន់តែសកម្ម។
ក្រុមការងាររាជរដ្ឋាភិបាល នឹងបន្តនៅក្បែរ និងគាំទ្រជានិច្ចដល់វិទ្យាល័យ តេជោ ធិបតី បុសខ្នុរ ក្នុងការរួមគ្នាកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កូនក្មួយក្នុងមូលដ្ឋានរបស់យើង៕











