FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីការទូតកម្ពុជា៖ ក្នុងបរិបទភូមិសាស្ត្រនយោបាយពិភពលោកមានភាពតានតឹង បណ្ដាប្រទេសសកលលោកខាងត្បូង ចាំបាច់ត្រូវមានសំឡេងពីគ្រប់បណ្ដាប្រទេស មិនថាតូចឬធំ

26-09-2026 16:16

(ញ៉ូវយ៉ក)៖ ក្នុងអំឡុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក លោក អ៊ិន តារា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានថ្លែងថាក្នុងបរិបទភូមិសាស្ត្រនយោបាយពិភពលោកមានភាពតានតឹង បណ្ដាប្រទេសសកលលោកខាងត្បូង ចាំបាច់ត្រូវមានសំឡេងពីគ្រប់បណ្ដាប្រទេស មិនថាតូចឬធំ។

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែល លោក អញ្ជើញចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសសកលលោកខាងត្បូង និងមិត្តភក្តិដែលមានទស្សនៈស្រដៀងគ្នា ដឹកនាំដោយលោកបណ្ឌិត S. Jaishankar រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក អ៊ិន តារា បានគូសបញ្ជាក់ថា ក្នុងបរិបទដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការបែកបាក់ផ្នែកសេដ្ឋកិច្ច បំណុលកើនឡើង គម្លាតនៃការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុនោះ បណ្ដាប្រទេសសកលលោកខាងត្បូង ចាំបាច់ត្រូវមានសំឡេងដ៏មានអត្ថន័យក្នុងការកំណត់ការសម្រេចចិត្តជាសកលតាំងពីដំណាក់កាលដំបូង។

លោក បានអំពាវនាវឱ្យមានប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដែលកាន់តែមានយុត្តិធម៌ជាងមុន កិច្ចសហប្រតិបត្តិការរវាងប្រទេសភាគខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគីឱ្យកាន់តែរឹងមាំ និងស្ថាប័នសកលដែលមានតំណាងកាន់តែទូលំទូលាយជាងមុន ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រទេសកំពុងអភិវឌ្ឍន៍។

លោក បានសង្កត់ធ្ងន់ថា ការពង្រឹងតួនាទីរបស់សកលខាងត្បូង មិនមែនជាការបង្កើតប្លុកថ្មីមួយទៀតនោះទេ ប៉ុន្តែជាការកសាងប្រព័ន្ធពហុភាគីដែលកាន់តែមានតុល្យភាពជាងមុន ដែលក្នុងនោះគ្រប់ប្រទេសទាំងអស់ មិនថាធំ ឬតូច សុទ្ធតែមានសំឡេង និងចំណែកពិតប្រាកដ៕