អភិបាលខេត្តបាត់ដំបង ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកជំនន់ និងអាងស្តុកទឹក
26-09-2026 15:47
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពនៅទំនប់ពហុបំណងបាត់ដំបង (សេកសក) ស្ថិតនៅស្រុករតនមណ្ឌល ទំនប់កង្ហតនៅស្រុកបាណន់ និងតំបន់រងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានស្រុកបាណន់។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានបញ្ជាក់ថា ទំនប់ពហុបំណងសេកសកមានកម្ពស់ ៥៧.៨០ម៉ែត្រ ហើយការរំដោះទឹកនៅតែធានាបានសុវត្ថិភាពទាំងស្រុង។ ចំពោះស្ថានភាពទឹកហូរពីទំនប់កង្ហតទៅសាលាតាអនកាត់តាម ក្រុងបាត់ដំបង មិនទាន់មានសញ្ញាថមថយនៅឡើយទេ ខណៈដែលក្រុងបាត់ដំបងអាចនឹងបន្តរងការលិចលង់តាមបណ្តាសង្កាត់នានាបន្ថែមទៀត។
លោកបានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់បន្តវិវត្តកាន់តែធ្ងន់ធ្ងរឡើងជាយថាហេតុ។
ជាមួយគ្នានេះ លោកក៏បានក្រើនរំឭកដល់អាជ្ញាធរមូលដ្ឋាន ត្រូវជូនដំណឹងពីស្ថានភាពវិវត្តនៃកម្ពស់ទឹក និងខ្សែផ្លូវដែលត្រូវបានផ្អាកចរាចរណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជាចុងក្រោយ លោក សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ និងតំបន់ដែលលិចទឹក មេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពមនុស្សចាស់ និងកុមារតូចៗ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ៕

























