លំនៅឋានប្រជាពលរដ្ឋជាង ៦០០០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុង-ស្រុកចំនួន១២ នៃខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
26-09-2026 15:22
(សៀមរាប)៖ គិតត្រឹមល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងធ្វើឱ្យលំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ស្ថិតក្នុងក្រុង-ស្រុកចំនួន ១២, ឃុំ-សង្កាត់ ចំនួន៥៥ និងភូមិចំនួន ១៧៩ភូមិ ក្នុងខេត្តសៀមរាប បានរងការជន់លិច និងបានបង្កផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋសរុប ៦ ៣៨៣ខ្នងផ្ទះ។
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៦ ៥៣១គ្រួសារ ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរចំនួន ១៨គ្រួសារ និងបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន ៦គ្រួសារ។ ក្រៅពីនេះ ទឹកជំនន់បានប៉ះពាល់ដល់លំនៅឋានកម្រិតស្រាលចំនួន ៦ ៣៦៥ខ្នង, កម្រិតធ្ងន់ ១៨ខ្នង, សាលារៀន ៣៣កន្លែង, មន្ទីរពេទ្យ ៤កន្លែង, វត្តអារាម/វិហារសាសនា ១កន្លែង និងអគាររដ្ឋបាល ២កន្លែង។
ដៅយឡែក ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជំនន់ទឹកភ្លៀងបានប៉ះពាល់ផ្លូវកៅស៊ូប្រវែង ៣ ២៨០ម៉ែត្រ (ខូចខាត ៤ម៉ែត្រ), ផ្លូវបេតុងប្រវែង ៣ ៨៣៨ម៉ែត្រ (ខូចខាត ១០ម៉ែត្រ), ផ្លូវដីស/គ្រួសក្រហមប្រវែង ៨២ ០៨៥ម៉ែត្រ (ខូចខាត ៤១០ម៉ែត្រ), ទំនប់ប្រវែង ១ ៥៣០ម៉ែត្រ (ដាច់និងខូចខាត ៣០ម៉ែត្រ) និងស្ពាន/លូកាត់ផ្លូវប្រវែង ៤៣ម៉ែត្រ។
ចំណែកវិស័យកសិកម្ម បានរងផលប៉ះពាល់ស្រូវពង្រោះចំនួន ២ ២៩០ហិកតា និងដំណាំរួមផ្សំ/បន្លែចំនួន ១៤ហិកតា ព្រមទាំងបានជម្លៀសសត្វពាហនៈគោក្របី ជ្រូក មាន់ទា ទៅកាន់ទីទួលសុវត្ថិភាពផងដែរ។ ចំពោះមុខសភាពការណ៍នេះ រដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធ បានចុះអន្តរាគមន៍ឆ្លើយតប និងបញ្ចៀសផលប៉ះពាល់ជាប្រចាំ។
ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បន្តត្រៀមលក្ខណៈ ដើម្បីតាមដាន និងត្រៀមបម្រុងសម្រាប់ជួយសង្គ្រោះក្នុងករណីមានគ្រោះមហន្តរាយ ឬឧបទ្ទវហេតុ ផ្សេងៗកើតឡើង និងបន្តត្រៀមបម្រុង តាមដានស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានជំនន់ទឹកភ្លៀងកើតឡើងវិញ ក្នុងភូមិសាស្ត្រក្រុង ស្រុក នៃខេត្តសៀមរាប៕

















