ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ចុះពិនិត្យអគារសិក្សា ៤ ទីតាំងនៅខេត្តកំពត ដើម្បីជួសជុល និងសាងសង់ឡើងវិញ
26-09-2026 15:15
(កំពត)៖ អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ បានបន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៤ ទីតាំងបន្ថែមទៀត ក្នុងស្រុកអង្គរជ័យ ខេត្តកំពត នៅពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
ដំណើរចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរខេត្តកំពត អាជ្ញាធរស្រុកអង្គរជ័យ ព្រមទាំងលោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនរូប។
ការចុះពិនិត្យដល់ទីតាំងផ្ទាល់នេះ ធ្វើឡើងដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែងរបស់អគារសិក្សា និងកំណត់អាទិភាពសម្រាប់ការជួសជុល និងសាងសង់ឡើងវិញ ស្របតាមការយកចិត្តទុកដាក់ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ចំពោះសុខុមាលភាព និងសុវត្ថិភាពនៃការសិក្សារបស់សិស្សានុសិស្សនៅតាមមូលដ្ឋាន។ អាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងសាលា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ចំពោះការយកចិត្តទុកដាក់ជាបន្តបន្ទាប់ចំពោះវិស័យអប់រំ។
គួរបញ្ជាក់ផងដែរថា សាលារៀនទាំង ៤ ទីតាំង ដែលក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃ មានអគារសិក្សាសរុបចំនួន ៦ ខ្នង ស្មើនឹង ៣១ បន្ទប់ ដែលអគារទាំងអស់នេះត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ ១៩៩៦ រួមមាន៖
១. អនុវិទ្យាល័យសម្តេចហ៊ុនសែន អង្គរជ័យ ស្ថិតនៅភូមិប្រាល ឃុំតានី មានអគារសិក្សា ៣ ខ្នង ស្មើនឹង ១៥ បន្ទប់
២. សាលាបឋមសិក្សាពែងធំ ស្ថិតនៅភូមិពែងធំ ឃុំអង្គភ្នំតូច មានអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់
៣. វិទ្យាល័យសម្តេចហ៊ុនសែន អង្គស្តុក ស្ថិតនៅភូមិស្ដុក ឃុំសំឡាញ់ មានអគារសិក្សា ១ ខ្នង ស្មើនឹង ៦ បន្ទប់
៤. សាលាបឋមសិក្សាអង្គខ្ជាយ ស្ថិតនៅភូមិអង្គខ្នាយខាងត្បូង ឃុំដំបូកខ្ពស់ មានអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់
ផ្អែកលើលទ្ធផលនៃការចុះពិនិត្យជាក់ស្តែងនេះ ក្រុមការងារនឹងបូកសរុប និងវាយតម្លៃ ដើម្បីកំណត់អាទិភាព និងឈានទៅអនុវត្តការងារជួសជុល និងសាងសង់ឡើងវិញ សំដៅផ្តល់ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព គុណភាព និងផាសុកភាព៕













































