FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយឆក់កាបូបជនជាតិអូស្ដ្រាលី នៅខណ្ឌបឹងកេងកង

26-09-2026 14:21

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពឆក់កាបូបពីជនជាតិអូស្ដ្រាលី នៅចំណុចផ្លូវលេខ៦៣ កែងផ្លូវ៣០៦ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុម១៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែន, លោកឧត្តមសេនីយ៍ទោ ញ៉ុង រត់មេត្ដា ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងដឹកនាំបញ្ជាផ្ទាល់ពីលោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។

សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងលើជនជាតិអូស្ដ្រាលីម្នាក់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្នុងនោះ សម្ភារៈបាត់បង់ក្នុងកាបូបរួមមានដូចជា លិខិតឆ្លងដែនចំនួន១ក្បាល(RA75155782), កាបូបលុយម៉ាក Wallet ចំនួន១, កាតការងារចំនួន១, កាតធនាគារចំនួន១, លុយUSD ចំនួន៣០០ដុល្លារ, លុយខ្មែរចំនួនប្រហែល៤០ម៉ឺនរៀល, លុយមីយ៉ាន់ម៉ាចំនួនប្រហែល៦០០ដុល្លារ, លុយវៀតណាមចំនួនប្រហែល២០០ដុល្លារ និងលុយឡាវចំនួនប្រហែល២០០ដុល្លារ។

ដោយឡែក ជនជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ស្រី សុខសិរីរាពង្សវឌ្ឍនៈ អាយុ២៦ ឆ្នាំមុខរបរ មិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យកំពុងធ្វើនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីចាត់ការបន្ដ៕