មន្ត្រីជំនាញនៃក្រសួងធនធានទឹក ចុះពិនិត្យស្ថានភាពកម្ពស់ទឹកទំនប់អាងទឹក៣០កញ្ញា និងណែនាំក្រុមការងារប្រចាំការត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពជូនប្រជាពលរដ្ឋ
26-09-2026 13:51
(កំពង់ធំ)៖ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម កាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកនៅតាមសណ្ដស្ទឹងស្ទោងរហូតដល់ប្រឡាយទ្វារទឹកបត់ត្រង់ និងស្ថានភាពកម្ពស់ទឹកទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងភូមិសាស្ត្រស្រុកបីនៃខេត្តកំពង់ធំ និងណែនាំក្រុមការងារប្រចាំការត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក បញ្ចាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះភ្លៀងធ្លាក់បន្តបន្ទាប់ក្នុងប្រទេសកម្ពុជា ដោយឡែកនៅតំបន់ផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ ក្នុងអាងទំនប់៣០កញ្ញាមានការហក់ឡើងអាចបង្កធ្វើផលប៉ះពាល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះ លោក ក៏បានណែនាំដល់ក្រុមការងារប្រចាំការតាមទំនប់និងអាងទឹក ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពទំនប់ ដោយចុះត្រួតពិនិត្យជាប្រចាំដើម្បីទប់ស្កាត់បញ្ហាដែលអាចកើតមានឡើង ពិសេសត្រូវគ្រប់គ្រងការបិទ-បើកទ្វារទឹកតាមបទដ្ឋានបច្ចេកទេស ដើម្បីបញ្ចៀសការលិចលង់ និងរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង និងត្រៀមលក្ខណៈគ្រឿងចក្រអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ប្រសិនបើមានហេតុការណ៍កើតឡើងជាយថាហេតុ។
សូមបញ្ជាក់ផងដែរថា សំណង់បង្ហៀរ ៣០កញ្ញា មានប្រវែង ២៦០ម៉ែត្រ បច្ចុប្បន្នទឹកបានហូរលើសំណង់បង្ហៀរក្នុងកម្ពស់ ០,៦ម៉ែត្រ ហើយសំណង់បង្ហៀរកំពុងរំដោះទឹកពី ៤០០ ទៅ ៤៥០ម៉ែត្រគូបក្នុងមួយវិនាទី៕














