FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងសន្និសីទនៅស្រីលង្កា, បណ្ឌិត កៅ ថាច ប្រាប់មិត្តបរទេសពីការឈ្លានពានរបស់ថៃមកលើកម្ពុជា ដោយបំផ្លាញបេតិកភណ្ឌពិភពលោក និងពលរដ្ឋស្លូតត្រង់រាប់ពាន់គ្រួសារ មិនទាន់អាចត្រឡប់ទៅផ្ទះវិញ

26-09-2026 11:43

(ភ្នំពេញ)៖ វិបុលភាពនៅក្រោមម្លប់សន្តិភាព និងក្រោមភ្លើងសង្គ្រាម គឺខុសគ្នាស្រឡះ ដែលនេះជាខ្លឹមសារសំខាន់ ដែលលោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានបញ្ជាក់នៅក្នុងសន្និសីទប្រចាំឆ្នាំ ADFIAP លើកទី៤៩ នាទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា អំពីជំរំជនភៀសខ្លួនយ៉ាងច្រើន តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហើយជនភៀសខ្លួនមិនអាចត្រឡប់ទៅរស់នៅផ្ទះរបស់ខ្លួនឯងវិញបាន ដោយអំពើឈ្លានពានពីក្រុមយោធាថៃ ព្រមទាំងបង្ហាញរូបភាពប្រាសាទព្រះវិហារ ដែលខូចខាតដោយសារគ្រាប់បែកទម្លាក់ពីយន្តហោះសៀម។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ដើម្បីទទួលបានវិបុលភាពពិតប្រាកដ គឺគួរតែរស់នៅក្រោមម្លប់សន្តិភាព និងនៅក្នុងប្រទេស ដែលមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។ យើងត្រូវតែរស់នៅក្រោមម្លប់សន្តិភាព ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់អភិវឌ្ឍប្រទេស និងចែករំលែកវិបុលភាពនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានគូសបញ្ជាក់ជូនអង្គសន្និសីទអំពីសារៈសំខាន់នៃសន្តិភាព ពោលមានសន្តិភាព គឺមានការអភិវឌ្ឍ។

ជាក់ស្ដែង សង្គ្រាមបានបំផ្លាញប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ហើយត្រូវបានបំផ្លិចបំផ្លាញដោយការឈ្លានពានពីប្រទេសជិតខាង និងបន្សល់ទុកនូវជនភៀសខ្លួនជាច្រើនពាន់គ្រួសារ ក្នុងនោះមានកុមារ ស្ត្រីដែលបានបាត់បង់លំនៅឋាន មុខរបរ និងការងារប្រចាំថ្ងៃរបស់ខ្លួន។

កិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៩ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការដើម្បីវិបុលភាព រួមការជំរុញសក្ដានុពលក្នុងតំបន់»។ ទាក់ទងនឹងបញ្ហានេះ លោកបណ្ឌិត កៅ ថាច បានចាត់ទុកថា ភាពជាដៃគូរវាងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន អាចជួយកៀរគរធនធាន ចែករំលែកហានិភ័យ បង្កើនសហថាមពលជំនាញ និងពង្រីកហិរញ្ញប្បទាន ដើម្បីបង្កើតផលវិបាកដល់ការអភិវឌ្ឍកាន់តែទូលំទូលាយ។

បន្ថែមពីនេះ ក្នុងនាមជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លោកបណ្ឌិត បានផ្ដល់នូវទស្សនទានសំខាន់ៗ ដល់បណ្ដាថ្នាក់ដឹកនាំនៃស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍, វិស័យឯកជន និងភ្ញៀវកិត្តិយសដែលបានចូលរួម រួមគ្នាផ្ដល់ហិរញ្ញប្បទាន រួមគ្នាកៀរគរធនធាន រួមគ្នាចែករំលែកហានិភ័យ និងរួមគ្នាពង្រីកផលវិបាកដើម្បីវិបុលភាពរួម និងការអភិវឌ្ឍ ប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក៕