FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខមន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលជួបគ្រោះថ្នាក់ចរាចរណ៍

26-09-2026 11:05

(កំពង់ស្ពឺ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងកម្លាំងក្រោមឱវាទ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងសម្ភារៈមួយចំនួនជូនដល់លោកវរសេនីយ៍ត្រី ហង្ស សូនី នាយការិយាល័យគោលនយោបាយ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

ការចុះសួរសុខទុក្ខនេះធ្វើឡើងក្នុងស្មារតីយកគំរូតាមការដឹកនាំប្រកបដោយគុណធម៌របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

ក្រុមការងារដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ រួមមានក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមអបអរសាទរពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់លោកវរសេនីយ៍ត្រី ហង្ស សូនី ផងដែរ។

ថវិកាឧបត្ថម្ភចំនួន ៥០០,០០០រៀល ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន អង្ករ ៣បាវ ទឹកសុទ្ធ ៣កេស និងភេសជ្ជៈ ៣កេស ដែលសរុបជាទឹកប្រាក់ចំនួន ៧៥៥,០០០រៀល ត្រូវបានប្រគល់ជូនដល់លោកវរសេនីយ៍ត្រី ហង្ស សូនី ដើម្បីជួយសម្រាលបន្ទុកក្នុងការព្យាបាល និងលើកទឹកចិត្តដល់រូបលោក។

សកម្មភាពនេះបានបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខុមាលភាពរបស់កងកម្លាំង៕