FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-អាស៊ែបៃហ្សង់ ពិភាក្សាត្រៀមការចូលរួមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំកំពូល CICA លើកទី៧ នៅទីក្រុងបាគូ ខែតុលា ខាងមុខនេះ

26-09-2026 11:00

(ញូវយ៉ក)៖ ការរៀបចំ និងការត្រៀមចូលរួមរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូល លើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) បានក្លាយជាប្រធានបទស្នូលនៃកិច្ចពិភាក្សាផ្លូវការលើកដំបូង រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងអាស៊ែបៃហ្សង់។

ជំនួបពិភាក្សាទ្វេភាគីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក រវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយ លោក Jeyhun Bayramov រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ស្របពេលដែលថ្នាក់ដឹកនាំទាំងពីរ ចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១។

ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្តោតការពិភាក្សាយ៉ាងយកចិត្តទុកដាក់លើដំណើរការរៀបចំ សម្រាប់វត្តមានរបស់ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងព្រឹត្តិការណ៍ការទូតដ៏មានសារៈសំខាន់នេះ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងការស្វាគមន៍ចំពោះសេចក្តីប្រកាសរួមរវាងអាស៊ែបៃហ្សង់ និងអាមេនី កាលពីខែសីហា ឆ្នាំ២០២៥ ព្រមទាំងបានធ្វើបច្ចុប្បន្នភាពជូនភាគីមិត្តអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ៕