FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា បង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំដំបូងបង្អស់ ដើម្បីអភិរក្សប្រភេទសត្វជិតផុតពូជបំផុត

26-09-2026 11:00

(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានបង្កើតតំបន់អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ «បឹងវាលវែង» ជាផ្លូវការ និងជាលើកដំបូងបង្អស់ ក្នុងគោលបំណងអភិរក្សភាពសម្បូរបែបនៃធនធានពន្ធុនៃប្រភេទសត្វជិតផុតពូជបំផុតនេះ ដែលជាជំហានថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃការអភិរក្សសត្វព្រៃនៅប្រទេសកម្ពុជា។

តំបន់អភិរក្សនេះនឹងផ្តល់នូវការការពារស្របច្បាប់យ៉ាងពេញលេញដល់ទីជម្រកក្នុងតំបន់ប្រព័ន្ធអេកូឡូស៊ីដើមសម្រាប់ក្រពើភ្នំពងកូន ធានាថាប្រភេទនេះអាចបន្តពូជ និងលូតលាស់នៅក្នុងធម្មជាតិបាន និងគាំទ្រដល់ការអភិរក្ស យូរអង្វែងនៅក្នុងតំបន់នេះ។

ក្រសួងបរិស្ថាន បានចេញប្រកាស ស្តីពីការបង្កើតតំបន់អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ «បឹងវាលវែង» ក្នុងគោលបំណងការពារដោយស្របច្បាប់នូវផ្ទៃដីទំហំប្រមាណ ៣១៥ហិកតា ១១អា ដែលជាជម្រកពងកូនរបស់ក្រពើភ្នំ ធំជាងគេបំផុតក្នុងពិភពលោក ដោយវត្តមានសត្វក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតប្រមាណជាង ៤០ក្បាល មានទីតាំងស្ថិតនៅទំនាប បឹងវាលវែង ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ និងជាផ្នែកមួយនៃតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។

ការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុក្រពើភ្នំនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការអភិរក្សអន្តរជាតិ (CI) និងអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) ជាមួយនឹងអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ដែលបង្ហាញអំពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋានធានាបាននូវការការពារយូរអង្វែងសម្រាប់ប្រភេទនេះនៅកម្ពុជា។

អ្នកវិទ្យាសាស្រ្តរកឃើញវត្តមានក្រពើភ្នំឡើងវិញនៅតំបន់អូរសោមកាលពីឆ្នាំ២០០០ ក្រោមកិច្ចសហការរវាង រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសត្វព្រៃ និងរុក្ខជាតិ។ ចាប់តាំងពីពេលនោះមក រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការបានធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ដោយមានការគាំទ្របច្ចេកទេសពីអង្គការសត្វព្រៃ និងរុក្ខជាតិ បានអនុវត្តកម្មវិធីស្តារប្រភេទនេះពីការផុតពូជដោយផ្តោតលើការការពារទីជម្រកនិងការបង្កាត់ពូជក្រពើភ្នំសុទ្ធហើយប្រលែង ចូលទៅក្នុងធម្មជាតិវិញប្រកបដោយជោគជ័យចាប់តាំងពីឆ្នាំ២០១២ មក។

នៅចុងឆ្នាំ២០២៣ ដោយមើលឃើញពីភាពចាំបាច់ក្នុងការពារប្រភេទកម្រមួយនេះ អង្គការ CI កម្ពុជា សហការជាមួយ រាជរដ្ឋាភិបាលផ្តួចផ្តើមដំណើរការរៀបចំបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុ ក្រពើភ្នំ តាមរយ:កិច្ចពិគ្រោះយោបល់ជាសាធារណៈ និងចុះពិនិត្យផ្ទាល់ជាមួយភាគីពាក់ព័ន្ធទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ខេត្ត រួមមានអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងសមាជិកសហគមន៍ផង។

ជាមួយគ្នានេះដែរ ក្រុមការងារបានប្រើប្រាស់ទិន្នន័យតាមដានក្រពើភ្នំរបស់អង្គការសត្វព្រៃ និងរុក្ខជាតិ ក្នុងការកំណត់ទំហំតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុក្រពើភ្នំ និងពិភាក្សា និងទទួលបានការគាំទ្រពីអ្នកពាក់ព័ន្ធក្នុងការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុក្រពើភ្នំ ដែលឈានដល់ការចេញ សេចក្តីប្រកាសផ្លូវការនៅក្នុងឆ្នាំនេះ។

លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិ កម្ពុជា (CI) បានលើកឡើងថា៖ «នេះជាសមិទ្ធផលដែលផ្អែកលើភាពជាដៃគូរយៈពេលជាងពីរទសវត្សមកនេះក្នុងការការពារ តំបន់ជួរភ្នំ ក្រវាញកណ្តាល ដែលជាព្រៃរងទឹកភ្លៀងចុងក្រោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ តាំងពីដើមមកយើងបានធ្វើការជាមួយ រាជរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងដៃគូដើម្បីការពារតំបន់ទេសភាពនេះ ហើយការបង្កើតតំបន់ការពារទីជម្រក និងអភិរក្ស ប្រភពដើមធនធានពន្ធុក្រពើភ្នំ ថ្ងៃនេះនឹងជួយថែរក្សា និងការពារកេរដំណែលនេះតទៅមុខទៀត។

តាមរយៈការការពារទីជម្រកចុងក្រោយនៃក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតនេះ យើងមិនត្រឹមតែជួយសង្គ្រោះប្រភេទដ៏សំខាន់នេះពីការផុតពូជប៉ុណ្ណោះទេ ប៉ុន្តែយើងក៏កំពុងគាំទ្រសហគមន៍ជនជាតិដើមភាគតិច ការពង្រឹងការ អនុវត្តច្បាប់ និងការពារភាពចម្រុះនៃធនធានពន្ធុរបស់ប្រភេទនេះ និងជីវៈចម្រុះផ្សេងទៀតនៅក្នុង តំបន់ដីសើម ធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយផងដែរ»។

លោកបណ្ឌិត ហម ច័ន្ទដេត នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) បានរៀបរាប់ថា៖ «ការកើនឡើងនៃចំនួនក្រពើភ្នំនៅក្នុងធម្មជាតិ គឺជាភាពជោគជ័យដ៏ធំមួយនៅក្នុង វិស័យអភិរក្ស។យ៉ាងណាមិញ ខណៈពេលដែលប្រភេទនេះកំពុងបន្តកើនឡើងនៅក្នុងធម្មជាតិ យើងមិនអាចធ្វេសប្រហែសបានឡើយ។ ការគំរាមកំហែងដល់ទីជម្រករបស់ប្រភេទនេះកំពុងបន្តកើនឡើង ដែលយើងត្រូវតែពង្រឹសកម្មភាពក្នុងការបន្តការពារសត្វដ៏កម្រនេះ។

លោកបណ្ឌិត ហម ច័ន្ទដេត បានបន្តថា តំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុ ក្រពើភ្នំនេះ គឺជាជំហានដ៏សំខាន់មួយទៅក្នុងទិសដៅដ៏ត្រឹមត្រូវ។ អូរសោមដែលជាទីជម្រកដើមដែលយើងរកឃើញឡើងវិញនូវប្រភេទក្រពើភ្នំកាលពីឆ្នាំ២០០០ នឹងក្លាយជាទីតាំងដ៏សំខាន់ក្នុងការការពារ និងអភិរក្សក្រពើភ្នំ និងប្រភេទសត្វផ្សេងទៀត»។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា៖ «ការបង្កើតតំបន់អភិរក្សនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងបេសកកម្មរយៈពេលវែងរបស់យើងដើម្បីសង្គ្រោះសត្វក្រពើភ្នំដែលកំពុងប្រឈមនឹងការផុតពូជ។ តាមរយៈកម្មវិធីបង្កាត់ពូជ និងស្តារក្រពើភ្នំទៅក្នុងធម្មជាតិរបស់ក្រសួងកសិកម្ម យើងបានប្រលែងក្រពើភ្នំត្រឡប់ទៅកាន់ជម្រកធម្មជាតិរបស់វាវិញដោយជោគជ័យដើម្បីបង្កើនចំនួនរបស់វាឡើងវិញ។

ការផ្តល់ការការពារស្របច្បាប់ដល់ក្រពើភ្នំនៅក្នុងតំបន់ជាទីជម្រកពងកូនរបស់សត្វនេះ គឺជាសក្ខីភាពបង្ហាញថា នៅពេលដែលក្រសួង ដៃគូ និងសហគមន៍រួមសហការគ្នា យើងអាចសម្រេចសមិទ្ធផលដែលជាឧត្តមប្រយោជន៍រួមសម្រាប់មនុស្សជាតិនិងធម្មជាតិបាន។ ការអភិរក្សប្រភេទសត្វដ៏កម្រនេះ មិនត្រឹមតែជាកាតព្វកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើការពង្រឹងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមដ៏សម្បូរបែបរបស់កម្ពុជាសម្រាប់កូនចៅជំនាន់ក្រោយ»។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «បឹងវាលវែងគឺជា តំបន់ការពារទីជម្រកនិងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំដំបូងបំផុតរបស់ប្រទេសកម្ពុជា ដែលមានចំនួនប្រភេទនេះច្រើនជាងគេនៅលើពិភពលោក។

តំបន់អូរសោម គឺជាទីជម្រកដ៏សំខាន់បំផុតមួយសម្រាប់ប្រភេទសត្វកម្រៗ ហើយការកំណត់យកតំបន់នេះជាតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុក្រពើភ្នំបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងការធានានូវការរស់រានតជំនាន់នៃសត្វក្រពើភ្នំ តាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ជាពិសេសសសរស្តម្ភទី២ «ភាពបៃតង» យុទ្ធសាស្រ្តការពារធនធានធម្មជាតិ ជំហានទី២ (២.១) ក្នុងការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងការពារ ស្តារធនធានធម្មជាតិ និងការអនុវត្តច្បាប់។

កាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ អ្នកស្រាវជ្រាវបានរកឃើញសំបុកក្រពើភ្នំញាស់ក្នុងធម្មជាតិ ដែលមានពងសរុប ចំនួន១៧ គ្រាប់ នៅតំបន់វាលវែង (ឃុំអូរសោម) ដែលបង្ហាញថាតំបន់នេះ គឺជាកន្លែង បង្កាត់ពូជធម្មជាតិដ៏សំខាន់ ដែលតម្រូវឱ្យមានការការពារពីច្បាប់ជាបន្ទាន់។

គួរដឹងដែរថា តំបន់នេះស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៃក្រសួងបរិស្ថាន ដោយមានការចូលរួមសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ សហគមន៍មូលដ្ឋានអង្គការអភិរក្សអន្តរជាតិ (CI) និងអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora)៕