FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ទទួលស្គាល់កម្ពុជា ជាប្រទេសរងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃ

26-09-2026 10:57

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Thongsavan Phomvihane ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងដោយទទួលបានការចាត់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្ម និងអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកពិភពលោកមួយដែលគ្មានការគំរាមកំហែងពីគ្រាប់បែកចង្កោម»។ សន្និសីទនេះមានការចូលរួមពីរដ្ឋ ជាសមាជិកចំនួន១២៣ អង្គការអន្តរជាតិ រដ្ឋសង្កេតការណ៍ និងស្ថាប័នពាក់ព័ន្ធជាច្រើន។

មុនការបើកសន្និសីទ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូកម្ពុជា បានចូលរួមទស្សនកិច្ចសកម្មភាពការងារនៅខេត្តលួងព្រះបាង ប្រទេសឡាវ ដើម្បីស្វែងយល់ពីប្រតិបត្តិការសិក្សាស្រាវជ្រាវគ្រាប់បែកចង្កោម និងបោសសម្អាតសំណល់ជាតិផ្ទុះ។ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណ:ប្រតិភូកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Thongsavanh Phomvihane ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសឡាវ ដែលជាប្រធានកិច្ចប្រជុំ 3RC-CCM នៅទីស្តីការក្រសួងការបរទេសឡាវ។

ក្នុងជំនួបនោះ លោក Thongsavan Phomvihane បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានបញ្ជូនគណៈប្រតិភូចូលរួមសន្និសីទ ព្រមទាំងគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា-ឡាវ ក្នុងនាមជាប្រទេសជិតខាង និងជាសមាជិកអាស៊ាន។ លោកក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍រវាងប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះ ជាពិសេសសំណល់គ្រាប់បែកចង្កោមពីសង្គ្រាមវៀតណាម។

ជាការឆ្លើយតប លោកបណ្ឌិត លី ធុជ បានសម្តែងការអបអរសាទរចំពោះប្រទេសឡាវ ដែលបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំសន្និសីទពិនិត្យឡើងវិញលើកទី៣ ព្រមទាំងបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឡាវ ក្នុងការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌អន្តរជាតិ។

ក្នុងឱកាសនេះ ទេសរដ្ឋមន្ត្រី លី ធុជ បាននាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន និងពីសំណាក់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនចំពោះលោក Thongsavan Phomvihane ផងដែរ។

លោកបណ្ឌិត លី ធុជ បានគូសបញ្ជាក់ពី មិត្តភាពជាប្រពៃណី និងទំនាក់ទំនងការទូតដ៏យូរអង្វែងរវាងកម្ពុជា-ឡាវ ព្រមទាំងកោតសរសើរចំពោះភាពរីកចម្រើន និងភាពធន់របស់រដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការដោះស្រាយសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសគ្រាប់បែកចង្កោម។ ទោះបីកម្ពុជា មិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងមានឋានៈជារដ្ឋអង្កេតការណ៍ ក៏ដោយកម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រគោលដៅមនុស្សធម៌របស់អនុសញ្ញា និងបានបោសសម្អាតគ្រាប់បែកចង្កោមជាច្រើន។

ក្នុងពិធីបើកជាផ្លូវការ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងសុន្ទរកថាបើក ដោយលើកឡើងពីសារៈសំខាន់ នៃការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ ក្នុងការដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់ពីសង្គ្រាម និងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមឆ្ពោះ ទៅរកពិភពលោកដែលគ្មានការគំរាមកំហែងពីគ្រាប់បែកចង្កោម។

ក្នុងកិច្ចប្រជុំកម្រិតខ្ពស់ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ដដែល លោកបណ្ឌិត លី ធុជ ប្រធានគណៈប្រតិភូកម្ពុជា បានថ្លែងទៅកាន់ពិភពលោក ប្រកាសពីជំហរយ៉ាងច្បាស់លាស់របស់កម្ពុជា ក្នុងការប្រឆាំង និងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម និងគាំទ្រយ៉ាងពេញទំហឹងចំពោះគោលដៅមនុស្សធម៌នៃអនុសញ្ញា។ ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា កម្ពុជាមិនដែលផលិត ឬប្រើប្រាស់គ្រាប់បែកចង្កោមឡើយ ហើយបានចែករំលែកបទពិសោធន៍ជាងបីទសវត្សរ៍របស់កម្ពុជា ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ជាមួយគ្នានេះ លោកបានលើកឡើងពីបញ្ហាប្រឈមមនុស្សធម៌ថ្មី ដែលកម្ពុជាកំពុងប្រឈមនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធនឹងយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់យោធាថៃមកលើទឹកដីកម្ពុជា ដែលបានបង្កើតតំបន់រងផលប៉ះពាល់ថ្មីជិត៤,០០០គីឡូម៉ែត្រការ៉េ ក្នុងនោះជិត៣,០០០គីឡូម៉ែត្រការ៉េ រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម។ ការគំរាមកំហែងថ្មីនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបង្កើនបន្ទុកលើកិច្ចខិតខំប្រឹងប្រែងបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់កម្ពុជា។

ក្រៅពីនេះ ក្នុងអំឡុងនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម លោកបណ្ឌិត លី ធុជ បានចូលរួមក្នុង ជំនួប និងកិច្ចពិភាក្សាទ្វេភាគី ជាមួយតំណាងប្រទេស និងអង្គការអន្តរជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីន ការបោសសម្អាតសំណល់ជាតិផ្ទុះ ការអប់រំអំពីហានិភ័យ និងការជួយជនរងគ្រោះ។

ក្នុងនោះ មានការជួបជាមួយតំណាងជាន់ខ្ពស់របស់ ICRC លោក Jürg Lauber អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ, លោកស្រី Nguyen Thi Hoang Van អនុរដ្ឋមន្ត្រីការបរទេសវៀតណាម, លោកស្រី Ingvild Madsen Lampe ទីប្រឹក្សាជាន់ខ្ពស់ នៃក្រសួងការបរទេសន័រវេស, លោក Daisuke Namioka អនុតំណាងអចិន្ត្រៃយ៍ នៃតំណាងប្រទេសជប៉ុន ប្រចាំសន្និសីទនិព្វាវុធកម្ម នៅទីក្រុងហ្សឺណែវ, លោកស្រី Tamar Gabelnick នាយិកាយុទ្ធនាការអន្តរជាតិហាមឃាត់មីនប្រឆាំងមនុស្ស-សម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោម (ICBL-CMC) និងតំណាងអង្គការ UNODA។

គោលបំណងនៃជំនួប និងកិច្ចពិភាក្សាទ្វេភាគី គឺដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌ ក្នុងនោះលោក លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេសលើកឡើងអំពីបញ្ហាប្រឈមថ្មី ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះពីសង្រ្គាមបន្សល់ទុកដោយយោធាថៃ និងការរំលោភបំពាន់របស់ថៃមកលើទឹកដីកម្ពុជា។ កម្ពុជា បានទទួលការគាំទ្រពីប្រទេសជាមិត្ត សហគមន៍អន្តរជាតិ និងដៃគូ។

ក្រៅពីជំនួប និងកិច្ចពិភាក្សាទ្វេភាគី នៅក្នុងព្រឹត្តិការណ៍អមស្តីពី «From Evidence to Action: Advancing Cluster Munition Remnant Survey through Regional Cooperation» លោកបណ្ឌិត លី ធុជ បានចូលរួមជាអ្នកថ្លែងសុន្ទរកថាបើក ដោយលើកសារៈសំខាន់នៃការចែករំលែកបទពិសោធន៍ និងមេរៀនរវាងកម្ពុជា ឡាវ និងវៀតណាម ក្នុងការសិក្សាស្រាវជ្រាវ ការកំណត់ទីតាំង និងបោសសម្អាតសំណល់គ្រាប់បែកចង្កោម។

ជារួមការចូលរួមរបស់កម្ពុជា តាមរយៈការដឹកនាំរបស់លោកបណ្ឌិត លី ធុជ បានបង្ហាញពីការបន្តចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រាប់បែកចង្កោម កាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ លើការបោសសម្អាតសំណល់ជាតិផ្ទុះ និងការជួយជនរងគ្រោះ។

ជាងនេះទៅទៀត កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍ ដែលមានបទពិសោធន៍ និងជំនាញ បន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ដើម្បីចូលរួមដោះស្រាយផលប៉ះពាល់ និងបោសសម្អាត គ្រាប់បែកចង្កោមស៊េរី M ដែលត្រូវបានរកឃើញថ្មីនៅលើទឹកដីកម្ពុជា និងត្រូវបានបន្សល់ទុកក្នុងអំឡុងជម្លោះតាមព្រំដែនកម្ពុជា-ថៃ ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។

ចុងបញ្ចប់នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅប្រទេសឡាវ កម្ពុជាត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាផ្លូវការថា ជាប្រទេសរងគ្រោះដោយសារការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃ និងត្រូវបានបញ្ចូលក្នុងរបាយការណ៍តាមដានរបស់ ICBL/CMC របាយការណ៍ 3RC និងរបាយការណ៍ Lausanne Action Plan។ ជាមួយគ្នានោះ ប្រទេសថៃ ត្រូវបានកត់ត្រាដាក់បញ្ចូលក្នុងរបាយការណ៍ ជាប្រទេសប្រើប្រាស់គ្រាប់បែកចង្កោម។