ប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការហ្រ្វង់កូហ្វូនី ពិភាក្សា អំពីវឌ្ឍនភាព នៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍អមធំៗ នៅភ្នំពេញ នាខែវិច្ឆិកាខាងមុខ
26-09-2026 10:55
(ញូវយ៉ក)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» ព្រមទាំងព្រឹត្តិការណ៍អមសំខាន់ៗ រួមមាន ភូមិហ្វ្រង់កូហ្វូនី (Francophonie Village) និងហ្វ្រង់កូតិច (FrancoTech) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ។
វឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ត្រូវបានលើកយកមកពិភាក្សាយ៉ាងលម្អិត ក្នុងជំនួបទ្វេភាគីរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក អំឡុងពេលនៃការចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១។
ក្នុងឱកាសនោះ ក្រៅពីការពិនិត្យលើដំណើរការត្រៀមរៀបចំកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍អមនានាឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជូនលោកស្រីអគ្គលេខាធិការ OIF ជ្រាបផងដែរ៕


