លោកបណ្ឌិត អូស្មាន ហាស្សាន់ ចូលរួមកិច្ចប្រជុំកំពូលហាឡាលសាកលឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី
26-09-2026 09:35
(ម៉ាឡេស៉ី)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហាឡាលសាកលឆ្នាំ២០២៦ (Global Halal Summit 2026) ក្រោមអធិបតីភាពលោក YAB Dato' Seri Dr. Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ម៉ាឡេស៉ី តំណាងលោក Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលធ្វើឡើង ក្រោមប្រធានបទ «កសាងទំនុកចិត្ត និងការជំរុញភាពធន់»។
កិច្ចប្រជុំកំពូលហាឡាលសាកលខាងលើ គឺជាវេទិកាអន្តរជាតិមួយដែលតភ្ជាប់ស្ថាប័នបញ្ជាក់វិញ្ញាបនបត្រហាឡាល អ្នករៀបចំគោលនយោបាយ និយតករ ថ្នាក់ដឹកនាំឧស្សាហកម្ម អ្នកប្រាជ្ញ និងអ្នកជំនាញនានា ដើម្បីផ្លាស់ប្តូរចំណេះដឹង ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន និងបើកឱកាសថ្មីៗនៅក្នុងប្រព័ន្ធអេកូឡូស៊ីហាឡាលសកល។
ក្នុងកិច្ចប្រជុំកំពូលនេះ ក៏បានធ្វើឡើងក្នុងពេលដំណាលគ្នា ជាមួយពិព័រណ៍ផលិតផលហាឡាលអន្តរជាតិនៃប្រទេសម៉ាឡេស៉ី (MIHAS) ២០២៦ ផងដែរ ហើយបានទាក់ទាញអ្នកចូលទស្សនា ចំនួនប្រមាណជាង៥ម៉ឺននាក់ មកពី៥៨ប្រទេស ព្រមទាំងមានការចូលរួមពីក្រុមហ៊ុនសរុបចំនួន១,៧០០ក្រុមហ៊ុន ដោយមានស្តង់ពិព័រណ៍រហូតដល់ជាង២,០០០ស្តង់។
សូមជម្រាបជូនថា ក្នុងឱកាសចូលរួមកិច្ចប្រជុំខាងលើ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជួបពិភាក្សាការងារមួយចំនួន ជាមួយថ្នាក់ដឹកនាំម៉ាឡេស៉ីផងដែរ៕
